ផ្លូវជាតិលេខ២ នឹងបើកការដ្ឋានជុសជុលទាំងយប់ចាប់ពីថ្ងៃ១៩ខែកក្កដាឆ្នាំ២០១៧នេះតទៅ


យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការណ៍ និងដឹកជញ្ជូនខេត្តកណ្តាលតាមលិខិតលេខ ៦៤៩ សក.កណ ចុះថ្ងៃទី ១៧ កក្កដា ២០១៧ ស្តីពីការបើកការដ្ឋានជុសជុលកំណាត់ផ្លូវជាតិលេខ២ ក្នុងខេត្តកណ្តាលនឹងចាប់ផ្តើមនៅពេលយប់ ចាប់ពីថ្ងៃទី ១៩ កក្កដា ២០១៧ នេះតទៅ។

តាមសេចក្តីប្រកាសនេះឲ្យដឹងថា ការជុសជុលកំណាតផ្លូវនេះនឹងចាប់ផ្តើមពីរង្វង់មូលក្រុងតាខ្មៅរហូតដល់ព្រំប្រទល់ខេត្ត ​កណ្តាល​និង​ខេត្តតា​កែវ។ ដោយមានការចាំបាច់ មន្ទីសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាលនឹងបើការដ្ឋានជុសជុលផ្លូវជាតិលេខ២ទាំងយប់ ថ្ងៃទី​១៩ នេះតទៅ ដើម្បីពន្លឿនការងារជុសជុលកំណាត់ផ្លូវជាតិលេខ២ ចាប់ពីគីឡូមែត្រ ១១+៤១៣ (រង្វង់មូលតាខ្មៅ) ដល់គីឡូមែត្រ ៣១+០០០ (ព្រំប្រទល់ខេត្តកណ្តាល–តាកែវ) ។

ដើម្បីជួយសម្រួលនិងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ជួនបងប្អូនប្រជាពលរដ្ឋ សូមបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលត្រូវធ្វើ​ដំណើ​រតា​ម​កំណាត់ផ្លូវខាងលើ សូមមេត្តាវាងទៅតាមផ្លូវក្រវ៉ាតក្រុងទី២ ពីផ្លូវ៦០មែត្រ ទៅផ្លូវចម្ការដូង ឬផ្លូវវត្តព្រែកថ្លឹង ផ្លូវលេខ២០ ផ្លូវ១២០ និង​ផ្លូវលេខជាតិលេខ៣ ។

អាស្រ័យដូចសេចក្តីប្រកាសខាងលើ ក្រសួងបានសំណូមពរឲ្យ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន នៅតាមបណ្តោយផ្លូវជាតិលេខ២ ជួយ​ស​ម្រួលដោយក្តីអនុគ្រោះ ជាពិសេស ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលធ្វើចរាចរណ៍នៅផ្លូវ​ជាតិ​លេខ​២​ទាំង​អ​ស់ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការន៍ទាំងអស់គ្នា៕