អបអរសាទរ! កុមារាមានសមត្ថភាពពិសេស ត្រូវសម្ដេច ហ៊ុន សែន ធានាទទួលបន្ទុកសិក្សាទាំងស្រុង


នៅ​ព្រឹក​ថ្ងៃ​ទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប កុមារា​ ហ៊ឺ ទៀង គីម​ហុង អាយុ ៧ឆ្នាំ ​ដែល​មាន​សមត្ថភាព​ពិសេស​ចេះ​អាន​អក្សរ​តាំង​ពី​អាយុ ២​ឆ្នាំ និង​អាច​ធ្វើ​លំហាត់​គណិត​វិទ្យា​ថ្នាក់​ទី១២។ ឥឡូវ​នេះ​សម្ដេច ហ៊ុន សែន​ធានា​ទទួល​បន្ទុក​សិក្សា​ទាំង​ស្រុង និង​បាន​ស្នើ​សុំ​អាហារូបករណ៍ ១០០%​ពី​សាលា​អន្តរជាតិ​ប៊ែលធី​ទៀត​ផង។

នៅ​ក្នុង​ពេល​អញ្ជើញ​ជួប​សំណេះសំណាល​កុមារា​ គីមហុង សម្ដេច​តេជោ បាន​ប្រគល់​កំព្យូទ័​ឱ្យ​កុមារ​ប្រើ​ប្រាស់​ស្រាវជ្រាវ​ក្នុង Internet និង​បានឱ្យ​ចៅ​ស្រី​សម្តេច និយាយ​សន្ទនា​ជា​ភាសា​អង់គ្លេស​ជាមួយ​គ្នា​ផង​ដែរ។ សម្ដេច​តេជោ ក៏​បាន​ប្រាប់ឱ្យ​កុមារ​ គីម​ហុង ស្រាវ​ជ្រាវ​រក​ផែនទី​កម្ពុជា និង​ទីតាំង​មួយ​ចំនួន ហើយ​វាស់​ចម្ងាយ​រក​ចំនួន​ប្រវែង​គីឡូម៉ែត្រ។ គីម​ហុង ធ្វើ​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​កោត​សរសើរ។ ដោយសារ​កុមារ​នេះ​មាន​សមត្ថភាព​ពិសេស គឺ​សម្តេច​តេជោ បាន​ស្នើ​អាហារូបករណ៍​ពិសេស​ពី​សាលា Belti ដល់​គីមហុង​បាន​សិក្សា​ចំណេះ​ដឹងទូទៅ។ គីមហុង អាច​នឹង​ចាប់​សិក្សា​ពី​ថ្នាក់ទី ៨ឡើងទៅ ប្រសិន​បើ​សាលា​ធ្វើ​តេស្ត​សមត្ថភាព​រួច​ហើយ​នោះ។

បន្ទាប់​ពី​បាន​សំណេះសំណាល​ជាមួយ​កុមារាខាងលើ ក្រុម​គ្រួសារ និង​លោកគ្រូ​រួច​មក សម្ដេច​តេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​នូវ កុំព្យូទ័រ​យួរដៃ ០១គ្រឿង iPad ០១ សម្រាប់​សិក្សា​ស្រាវជ្រាវ និង​កង់ ០១​គ្រឿង សម្រាប់​កុមារ​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​សាលា រួម​នឹង​ថវិកា​មួយ​ចំនួន​ទៀត​។

កុមារា គីម ហុង គឺ​ជាកុមារ​ដែល​មាន​សមត្ថភាព​ពិសេស​យល់​ដឹង​លើ​ភាសាខ្មែរ និង​គណិតវិទ្យា។ គីមហុង មាន​សមត្ថភាព​ពិសេស​ចេះ​អានអក្សរ និង​រៀប​អក្សរ​ខ្មែរ និង​អក្សរ​ឡាតាំង​កាល​ពី​អាយុ​ជាង ២ឆ្នាំ។ អាយុ​បាន​ពីរ​ឆ្នាំកន្លះ កុមារ គីមហុង ចេះ​អាន​សារ​ជូនពរ​សម្តេចតេជោ ហ៊ុន សែន បាន​យ៉ាង​ល្អ។សព្វ​ថ្ងៃ​នេះ កុមារា គីមហុង កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​ហ៊ុនសែន​អនុវត្ត ដែល​មាន​ទីតាំង​នៅ​ភូមិ ៣ សង្កាត់​រកា​ក្នុង ក្រុង​ដូនកែវ ខេត្ត តាកែវ។ ឪពុកម្ដាយ​របស់​កុមារា គីមហុង សព្វ​ថ្ងៃ​គឺ​កំពុង​រស់​នៅ​ទីតាំង​ខាង​លើនេះ​ផងដែរ។

ទន្ទឹម​នឹង​នេះ គឺ​សម្ដេច​តេជោ បាន​ស្នើ​ឱ្យ លោក ដួង តារា ជំនួយ​ការ​សម្តេចតេជោ នឹង​ក្រុម​គ្រួសារ​ពិភាក្សាគ្នា​ជាមួយ​ក្រសួងអប់រំ យុវជន និង​កីឡា ដើម្បី​រក​គ្រឹះស្ថាន​ល្អ​ដែល​សមស្រប​ទៅ​នឹង​សមត្ថភាព​ពិសេស​របស់​កុមារ​ គីមហុង។សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​នឹង​ទទួល​បន្ទុក​រាល់​នូវ​ការ​ចំណាយ​ ក្នុង​ការ​សិក្សា​សម្រាប់​កុមារា គីម ហុង ទាំងស្រុង។ សម្តេច​តេជោ នឹង​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង ដល់​ការ​សិក្សា​របស់ គីមហុង ដើម្បី​ទទួល​បាន​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។ គីមហុង គឺ​ជា​ធនធាន​ដ៏​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា៕