គណៈរដ្ឋមន្ត្រីអនុម័តវិធានការហាមឃាត់ការជក់បារី


No Smoking 2 copy

   គណៈ​រដ្ឋ​មន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ ដែល​បន្តឹង​ និង​ដាក់​ពិន័យ​ចំពោះ​អ្នក​ជក់​បារី និ​ងអ្នកឱ្យ​កន្លែង​ជក់​បារី ។ សេចក្តី​ព្រាង​ច្បាប់​អនុ​ក្រឹត្យ​ស្តីពី​វិធាន​ការ​ហាម​ឃាត់​ការ​ជក់ នឹង​ដាក់​ពិន័យ​អ្នក​ជក់​តាម​កន្លែង​ហាម​ឃាត់​ចំនួន ២០.០០០ ​រៀល… ចំណែក​អ្នក​ផ្តល់​កន្លែង​ជក់​តាម​ភោជ​នីយ​ដ្ឋាន ឬអ្នក​មិន​បិទ​ផ្លាក​សញ្ញា​ហាម​ជក់​បារី ឬ​ដាក់​ចាន​គោះ​បារី​ក្នុង​កន្លែង​ហាម​ឃាត់ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ៥០.០០០​រៀល ។

     សេចក្តី​ព្រាង​អនុ​ក្រិត្យ​ដែល​បាន​អនុម័ត​ដោយ​គណៈ​រដ្ឋ​មន្ត្រី កាល​ពីព្រឹកថ្ងៃ​ទី០៣ ខែ​មិនា ​បាន​សរសេរ​ថា ច្បាប់​នេះ មាន​គោល​បំណង​ចូល​រួម​ការពារ​សុខុ​មាល​ភាព​របស់​ប្រជា​ពលរដ្ឋ, ការពារ​និង​ទប់​ស្កាត់​ការ​រង​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់ ដែល​បង្ក​ឲ្យ​មាន​ហា​និភ័យ​សុខ​ភាព​ដល់​អ្នក​នៅ​ជុំវិញ និង​បរិស្ថាន និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថ្នាំ​ជក់ ។

     យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ផែន​ការ​ឆ្នាំ ២០១៤ បាន​បង្ហាញ​ថា អ្នក​មិន​ជក់​បារី ៦០% បច្ចុប្បន្ន ​កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សុខ​ភាព ។ របាយ​ការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា ទីកន្លែង​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្រូប​ផ្សែង​បារី​ខ្ពស់​ជាង​គេ គឺ​នៅ​ភោជ​នីយ​ដ្ឋាន និង​នៅ​អាហារ​ដ្ឋាន ៧៦% … ក្នុង​អគារ​ធ្វើ​ការ​របស់​រដ្ឋ ៤៩% និង​នៅ​ពេល​ធ្វើ​ដំណើរ​ការ​តាម​មធ្យោ​បាយ​ធ្វើ​ដំណើរ​សាធា​រណៈ ៣៤% ។ សេចក្តី​រាយ​ការណ៍​បង្ហាញ​ថា បើ​ធៀប​ទៅ​នឹង​ប្រទេស​អាស៊ាន​ទាំង​១០ ប្រទេស​កម្ពុជា​មាន​អត្រា​ស្រូប​ផ្សែង​បារី​ខ្ពស់​ជាង​គេ នៅ​ភោជ​នីយ​ដ្ឋាន ។