ប្រជាពលរដ្ឋដែលត្រូវបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើការដឹកជញ្ជូន នឹងអាចធ្វើការបង់ពន្ធទាំងនេះបាន នៅតាមកន្លែងវីងនានាទូទាំងប្រទេស ។ ការដែលពលរដ្ឋអាចបង់ពន្ធទាំងនេះបាន គឺនៅបន្ទាប់ពីធនាគារឯកទេសវីង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៦ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមអនុស្សារណៈដែលចុះហត្ថលេខាដោយអគ្គនាយកប្រតិបត្តិធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស និងរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជូ គឺមឡេង បានសម្រេចឱ្យធនាគារឯកទេសវីង ទទួលសិទ្ធិប្រមូលពន្ធទូទាំងប្រទេសលើពន្ធពីរប្រភេទគឺ ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ រួមទាំងប្រាក់ពិន័យទោសទណ្ឌសម្រាប់ពន្ធ ២ប្រភេទនេះផងដែរ ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ឯកឧត្តម ជូ គឺមឡេង បានថ្លែងថា ការចុះអនុស្សារណៈនេះ គឺដើម្បីបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន សំដៅធានាបាននូវការអនុវត្តឱ្យបានស៊ីជម្រៅនូវកំណែទម្រង់សំខាន់ៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូលនៃអភិបាលកិច្ចល្អ ។