ក្រសួងធនធានទឹក បានចាប់ផ្ដើមសាងសង់ទំនប់មួយ អាចស្ទាក់ទឹកទុកជាង ២៥០លាន ម៉ែត្រគូប អាចស្រោចស្រពផ្ទៃដីបានជាង ២ម៉ឺន ៥ពាន់ ហិចតា នៅខេត្តឧត្តរមានជ័យ ។
យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ខេត្តឧត្តរមានជ័យ បានបញ្ចប់ការអនុវត្តជំហានទី១ ដោយជោគជ័យរួចហើយ ។ បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី២ ។ ការងារជាអាទិភាពនៅក្នុងជំហានទី២ នេះ គឺការសាងសង់ទំនប់អាងទឹក ១កន្លែង ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ទំបន់នោះមានសមត្ថភាពស្តុកទឹកបាន ២៥៨ លានម៉ែត្រគូប ។
ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង នឹងផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែជាង ២ម៉ឺន ៥ពាន់ហិកតា ដែលអាចផលិតស្រូវបាន ២ដង ក្នុង ១ឆ្នាំ ដែលស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ… នៅស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប… និងនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផងដែរ ។