ក្នុងជំនួបជាមួយគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ និងចែករំលែកពីគោលគំនិតទាក់ទងនឹងស្ថានភាព និងសារៈសំខាន់នៃវិស័យអប់រំក្នុងក្របខណ្ឌកម្ពុជា និងសកលលោក និងព្រមទាំងបានគូសបញ្ជាក់ពីគុណតម្លៃនៃអាជីពគ្រូបង្រៀនដែលមានការលះបង់ធំធេងនូវប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍សង្គម។
ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានយកឱកាសនៃជំនួបនេះ ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានព្យាយាមប្រើគ្រប់មធ្យោបាយ បត់បែន ផ្លាស់ប្តូរទម្លាប់ដើម្បីធានាប្រសិទ្ធភាពការបង្រៀន និងការខិតខំអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា ដើម្បីអាចបង្រៀនសិស្សានុសិស្ស តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងបរិបទនៃការរីករាលនៃជំងឺ កូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ តាមរយៈគោលនយោបាយជាតិនានាជាបន្តបន្ទាប់។
ពិធីសំណេះសំណាលបានប្រព្រឹត្តទៅដោយរលូន ជាមួយនឹងការផ្តោះផ្តងនូវមតិ យោបល់ ក្នុងវេទិកាសំណួរនឹងចម្លើយរវាង ឯកឧត្តមប្រធានគណៈកម្មការ និងបុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិត។ វេទិកានេះបានអនុញ្ញាតឲ្យគណៈកម្មការទី៧ ស្វែងយល់ និងក្តាប់បានកាន់តែច្បាស់ពីឱកាស និងបញ្ហាមួយចំនួនដែលជាក្តីកង្វល់ក្នុងវិស័យអប់រំ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញលើកទឹកចិត្តដល់គរុនិស្សិត ឲ្យបន្តរក្សាស្មារតីលះបង់ដ៏ឧត្តមរបស់ លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ តាមរយៈការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការ ដោយយកចិត្តទុកដាក់គ្រប់កាលៈទេសៈ ទោះបរិបទណា ឬនៅទីជិតឆ្ងាយ ឬនៅជនបទដាច់ស្រយាលក៏ដោយ ដើម្បីអនាគតសិស្សានុសិស្សគ្រប់រូប សហគមន៍ និងសង្គមជាតិកម្ពុជា៕