ឯកឧត្តម ស សុខា វាយតម្លៃខ្ពស់ចំពោះការរៀបចំ ឲ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់ ប្រចាំខេត្តបាត់ដំបង


ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតី ពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ ឲ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់ ប្រចាំខេត្តបាត់ដំបង នាពេលនេះ ព្រោះជាការបំផុស និងជំរុញចលនាលេងកីឡាប៊ូល និងប៉េតង់ទូទាំងខេត្តបាត់ដំបង និងរួមចំណែកអូសទាញយុវជន ឲ្យចូលរួមលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ។ លើសពីនេះ ក៏បានរួមចំណែកអភិវឌ្ឍវិស័យប៊ូល និងប៉េតង់កម្ពុជា តាមរយៈការផ្សព្វផ្សាយកីឡាប៊ូល និងប៉េតង់ បានទូទាំងប្រទេសផងដែរ។

ឯកឧត្តម ស សុខា បានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ក៏បានរួមចំណែកដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ក្នុងវិស័យកីឡាប៊ូលនិងប៉េតង់ និងជាអ្នកបន្តវេន ប្រកបដោយសមត្ថភាព និងគុណផលខ្ពស់ កសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ ដើម្បីអភិវឌ្ឍសង្គមជាតិឲ្យរីកចំរើនជានិរន្តរ៍ ស្របតាមការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសជាការបង្ហាញសាមគ្ដីភាពផ្ទៃក្នុង នៃគ្រួសារកីឡាប៊ូល និងប៉េតង់ខេត្តបាត់ដំបងទៀតផង ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ឯកឧត្តម ស សុខា ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានក្លិប /សមាគម ចូលរួមចំនួន ៣៩ មានកីឡាករ កីឡាការិនី សរុបចំនួន ២០៧នាក់ (ស្រី ៤០នាក់)។

វិញ្ញាសា ដែលដាក់ឲ្យចូលរួមប្រកួតមាន ៧វិញ្ញាសា រួមមាន៖ ទី១. ៣ទល់៣នាក់ បុរសអាយុ ៤៦ឆ្នាំឡើង ទី២. វិញ្ញាសា ៣នាក់ទល់៣នាក់ បុរសអាយុ ១៩ឆ្នាំ ដល់ ៤៥ឆ្នាំ ទី៣. វិញ្ញាសា ៣ទល់៣នាក់ យុវជនអាយុក្រោម ១៩ឆ្នាំ ទី៤. វិញ្ញាសា ៣ទល់៣នាក់ នារី អាយុក្រោម ១៩ឆ្នាំ ទី៥.វិញ្ញាសាវាយយកពិន្ទុ បុរស ទី៦. វិញ្ញាសាវាយយកពិន្ទុ បុរស-នារី និងទី៧. វិញ្ញាសា Mix បុរស-នារី ៣នាក់ទល់៣នាក់៕