សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្នុងការផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកា សភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅក្នុងខេត្តកំពង់ចាម-ខេត្តមណ្ឌលគីរី និងការិយាល័យ សភាពាណិជ្ជកម្ម បានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែកកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្មផងដែរ។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលយៀកថៃ-កំពង់ចាម ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី បានឱ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីឱ្យសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី ដែលជាម្ចាស់អាជីវកម្ម បានយល់ដឹងឱ្យបានទូលំទូលាយ ដើម្បីយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អាជីវកម្មឱ្យមានភាពរីកចម្រើន និងជៀសវាងមានហានិភ័យក្នុង បទប្បញ្ញត្តិច្បាប់ផ្សេងៗ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី បានឲ្យដឹងថា សិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» មានមន្ត្រីជំនាញដែលអញ្ជើញមកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែម អំពីបទប្បញ្ញត្តិពាក់ព័ន្ធ នឹងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។
ឯកឧត្តមរដ្ឋលេខាធិការឲ្យដឹងទៀតថា សិក្ខាសាលានេះ នឹងធ្វើឡើងនៅតាមបណ្តាខេត្ត ១៧ ដោយទទួលបានការឩបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. ,ធនាគារ ព្រីនស៍ ម.ក,សហគ្រិនខ្មែរធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ,កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។
ឯកឧត្តម បួន សារ:មុនី បានលើកឡើងថា បន្ទាប់ពីច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្ត ភាគច្រើនមិនទាន់បានយល់ដឹងនៅឡើយ ដូច្នេះហើយទើបសភាពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្ម ឲ្យបានយល់ដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគផ្ទាល់ដល់ខេត្តរបស់ខ្លួន៕