ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញចូលរួមអបអរសាទរប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើត «គណបក្សប្រជាជនកម្ពុជា»នៅខេត្តតាកែវ


តាកែវ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្ដម លោកជំទាវ ជាក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ឯកឧត្ដម លោកជំទាវប្រតិភូអមដំណើរ បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ឆ្នាំ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្ដម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងលោកជំទាវ ព្រមទាំង សមាជិក សមាជិក គណបក្សក្រុងស្រុក ទូទាំងខេត្តតាកែវ។

ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានមានប្រសាសន៍ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គឺជាថ្ងៃបង្កើតគណបក្ស ដោយមានឈ្មោះដើមថា «គណបក្សប្រជាជន បដិវត្តន៍ខែ្មរ» ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្ស ប្រជាជនកម្ពុជា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងថា ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្នគណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានបញ្ជាក់ថា «ក្រោមម្លប់សន្តិភាព ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននៅជាប់ជាមួយប្រជាពលរដ្ឋ អស់រយៈពេល ៧១ឆ្នាំហើយនោះ»៕