មុនថ្លែងសុន្ទរកថា បើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអាស៊ានប៉ារ៉ាហ្គេម និងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យអ្នកចូលរួមទាំងអស់ ស្មឹងស្មាធគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានគេធ្វើឃាត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកព្រឹត្តិការណ៍ដែលកើតឡើងនេះ ជាករណីដ៏រន្ធត់មួយ ដែលកើតឡើង នៅក្នុងប្រទេសជប៉ុន។
សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២ផងដែរនោះ បានចាត់ទុកលោក ស៉ិនហ្សូ អាបេ ថាជាថ្នាក់ដឹកនាំជប៉ុន ដែលបានប្តេជ្ញាយ៉ាងខ្លាំង ជាមួយនឹងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងបណ្តាប្រទេសមេគង្គ ក៏ដូចជាបណ្តារដ្ឋនិមួយៗ នៅក្នុងក្របខណ្ឌអាស៊ាន រាប់ទាំងកម្ពុជាផងដែរ។
មុនបើកកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកានអ្នកចូលរួមទាំងអស់ ក្នុងខ្លឹមសារយ៉ាងដូច្នេះថា «កាលពី៤ថ្ងៃកន្លងទៅនេះ យើងទាំងអស់គ្នាបានដឹងហើយនូវការរន្ធត់ ដែលបានកើតឡើងនៅឯប្រទេសជប៉ុន នោះគឺការធ្វើឃាតពីសំណាក់ជនទុច្ចរិតចំពោះ អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ិនហ្សូ អាបេ ដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំជប៉ុន ឯកឧត្តម ស៉ិនហ្សូ អាបេ បានប្តេជ្ញាយ៉ាងខ្លាំង ជាមួយនឹងការពង្រឹងទំនាក់ទំនងចំពោះបណ្តាប្រទេសអាស៊ានរបស់យើង ចំពោះបណ្តាប្រទេសមេគង្គ ក៏ដូចជាបណ្តារដ្ឋនិមួយៗនៅក្នុងក្របខណ្ឌអាស៊ាន រាប់ទាំងកម្ពុជាផងដែរ។ ក្នុងន័យនេះ ដើម្បីជាការចូលរួមមរណទុក្ខ និងការជូនដំណើរចុងក្រោយ ចំពោះឯកឧត្តម ស៉ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានលាចាកលោកនេះ ខ្ញុំសុំអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ងើបឈរដើម្បីគោរពវិញ្ញាណក្ខន្ធចំពោះឯកឧត្តម ស៉ិនហ្សូ អាបេ សូមអញ្ជើញ»។
សូមជម្រាបថា ក្រៅតែពីផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក អាបេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ហើយនោះ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ក៏នឹងអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។
លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន៕