នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះបានអញ្ជើញចុះពិនិត្យទីតាំងសម្បទានដីសង្គមកិច្ចខេត្តព្រះសីហនុ ដើម្បីរៀបចំបែងចែកដីសម្បទានសង្គមកិច្ចរដ្ឋ និងសាងសង់ផ្ទះជូនអតីតយុទ្ធជន ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។
ពិធីនេះក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន, មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះសីហនុ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណនិងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាអាជ្ញាពាក់ព័ន្ធទាំងអស់ដែលបានខិតខំដោះស្រាយជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជនយើង ជាពិសេសក្នុងការដោះស្រាយជូនបងប្អូនដែលលំបាកខ្វះទីជម្រកស្នាក់នៅសមរម្យនាពេលនេះ។
ទេសរដ្ឋម ន្ត្រី គន់ គីម ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណា ឈូសឆាយផ្លូវ និងដីសម្រាប់សាងសង់លំដ្ឋានដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ នាពេលខាងមុននេះ ដើម្បីអាចដោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនអតីតយុទ្ធជនអំពីបញ្ហាផ្ទះស្នាក់នៅសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់ ដែលជាអ្នកបានពលិកម្មសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕