លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងពលរដ្ឋជាង២ពាន់នាក់ ក្នុងខេត្តឧត្ដរមានជ័យ ដោយឥតគិតថ្លៃ


លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា រួមទាំងក្រុមការងារ នៅថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុបចំនួន ២,១៤៥នាក់ នៅក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ។

ពិធីនេះបានធ្វើឡើងនៅបរិវេណវរៈសេនាតូចអន្តរាគមន៍លេខ២៥១ ស្ថិតនៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងមេបញ្ជាការតាមកងពលមួយចំនួនទៀត ប្រចាំរបស់ភូមិភាគខេត្តឧត្ដរមានជ័យ។

នាឱកាសនោះដែរ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។

លោកជំទាវបានលើកឡើងថា សម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខព្រមទាំងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ បងប្អូនកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកជំទាវ ហ៊ុន ម៉ាណា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។ មុនការ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈឱ្យប្រជាពលរដ្ឋទទួលទានផងដែរ។

បន្ថែមពីនេះ ក្រុមការងារបានចែកវែនតា សម្រាប់លោកយាយ លោកតាចំនួន៥,០០នាក់, សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយ លោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លទ្ធផលនៃការព្យាបាល ក្នុងចំនួន ២,១៤៥នាក់នេះ រួមមាន៖ ការវះកាត់តូចបានចំនួន ៦២នាក់, ពិនិត្យព្យាបាលរោគស្ត្រីចំនួន ១១៨នាក់, ពិនិត្យជំងឺទូទៅចំនួន ១,០១៩នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន ៨៤នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន ១១២នាក់, ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់ និងអប់រំសុខភាពដល់ប្រជាជនចំនួន ១៤៥នាក់៕