អង្គការយុវជនដើម្បីមាតុភូមិ រៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពី «ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩»


អង្គការយុវជនដើម្បីមាតុភូមិ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពី «ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩» ក្រោមអធិបតីភាព ឯកឧត្តម ហោ សេរីវឌ្ឍន៍ ប្រធាន នៅសាលប្រជុំភោជនីយដ្ឋាន Ming Palace ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ សមាគម សម្ពន្ធ ស្ថាប័នស្រាវជ្រាវ បណ្តាញ ក្រុមនិងបុគ្គលជំនាញ ចំនួន១២០រូប ដែលបានកំពុងបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ថ្នាក់ដឹកនាំទាំងអស់មានការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជនងាយរងគ្រោះជាងគេ ក្នុងបរិបទកូវីដ-១៩នេះ បានក្លាយជាក្រុមអតិភាពមួយ ក្នុងការទទួលយកនូវវ៉ាក់សាំងកូវីដ-១៩។

កិច្ចប្រជុំនេះ ក៏បានកត់សម្គាល់ និងអបអរសាទរយ៉ាងក្រៃលែងនូវសមទ្ធផលល្អឯក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសមួយសម្រេចបាននូវ អាត្រាការចាក់វ៉ាក់សាំងច្រើនជាងគេលើពិភពលោក និងជាប្រទេសជាប់ លេខ ១ នៅលើពិភពលោក ចំពោះអាត្រាការព្យាបាលនៃជំងឺកូវីដ-១៩ (ដោយ Nikkei Covid-19 Recovery Index)។

យ៉ាងណាក្តី កិច្ចប្រជុំក៏សង្កេតឃើញថា ទោះវិបត្តិកូវីដ-១៩ ត្រូវបានថមថយ តែបរិយាកាសសេដ្ឋកិច្ចសកល និងកម្ពុជា នៅតែរងការគំរាមកំហែងដោយសារសង្គ្រាមនៅអន្តរជាតិ និងសង្គ្រាមត្រជាក់រវាងមហាអំណាច ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំនួនប្រជាជនបាត់ការងារធ្វើ ដែលបានចេញពីសេដ្ឋកិច្ចក្នុងប្រព័ន្ធមកក្រៅប្រព័ន្ធ ក៏មានគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភផងដែរ។ ការគាំពាប្រជាពលរដ្ឋ បម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែមានកម្រិតនូវឡើយ។

ដោយឃើញពីការព្រួយបារម្ភនេះ អង្គការយុវជនដើម្បីមាតុភូមិ បានជួបប្រាស្រ័យទាក់ទងជាមួយអង្គការ សម្ពន្ធ សមាគម ស្ថាប័ន និងបុគ្គលផ្សេងៗដែលជាតួរអង្គសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្រេចរៀបចំនូវកិច្ចប្រជុំនេះ ដែលមានថ្នាក់ដឹកនាំជិត ១០០ស្ថាប័ន ដែលបំពេញភារកិច្ចពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចែករំលែកបទពិសោធន៍ ការដឹកនាំ និងកត្តាចម្បងផ្សេងៗ ដែលបានជួបប្រទះ សំដៅស្វែងរកជាដំណោះស្រាយ កិច្ចសហការ រវាងគ្នានិងគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ និងបន្ថែមធាតុចូលជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិបន្តលើកស្ទួយ និងឆ្លើយតបកាន់តែប្រសើរនូវតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិតពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ។

ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានទទួលនូវគោលគំនិត ដែលជាធាតុចូលយ៉ាងសំខាន់ ពាក់ព័ន្ធនឹង ចំណុចខ្លាំង ចំណុច ខ្សោយ បញ្ហាប្រឈម តម្រូវការ និងសំណូមពរជាច្រើន ដើម្បីស្ថាប័នទាំងអស់អាចបន្តសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយប្រជាពលរដ្ឋ ក្នុងរបបសេ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩៕