ភរិយាសម្តេចក្រឡាហោម ស ខេង និងអភិបាលខេត្តព្រៃវែង ប្រគេនទៀនព្រះវស្សាជូនព្រះសង្ឃ៣៩វត្ត ក្នុងខេត្តព្រៃវែង


លោកជំទាវ ញ៉ែម សាខន ភរិយាសម្តេចក្រឡោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រគេនទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យជូនព្រះសង្ឃចំនួន៣៩វត្ត នៅតាមក្រុងស្រុកទាំង១៣ នៃខេត្តព្រៃវែង។

ចំពោះទេយ្យវត្ថុដែលវេប្រគេនចំពោះព្រះសង្ឃទាំង៣៩វត្តនោះរួមមាន៖ ទៀនចំណាំព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ, ស្លាដក ១, អង្ករ ៥០គីឡូ, បាឡុង ១, ទឹកដោះគោ ១កេស, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ទឹកផ្លែឈើ ២កេស, មី ៣កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១កេស, អំបិល ១០គីឡូក្រាម, ស្ករស ២៥គីឡូ, ប្រេងឆា ១០លីត, ម៉ាស់ ៥ប្រអប់, បច្ច័យក្នុងមួយវត្ត ៥០ម៉ឺនរៀលផងដែរ។

ក្នុងឱកាស នៃពិធីបុណ្យនេះលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងឯកឧត្តម ជា សុមេធី និងលោកស្រី សូមឧទ្ទិសមហាបុណ្យកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុប្រទេសជាតិ ការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃនេះ។

បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឱ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទ ជាទាយក ទាយិកា ឧបាសក ឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំង ប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាមលទ្ធភាព។

ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធជាម្ចាស់បានត្រាស់ដាក់ឱ្យភិក្ខុសង្ឃទាំងឡាយ ចូលវស្សារយៈពេល ៣ខែ ដើម្បីសិក្សារៀនសូត្រព្រះធម៌ ហើយពុទ្ធបរិស័ទជាអ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា ៣ខែនេះ។

នៅរដូវចូលវស្សា គឺជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងថេរវេលានេះព្រះសង្ឃមិនត្រូវនិមន្តទៅណាឆ្ងាយនោះទេ។ អ្វីដែលសំខាន់មួយទៀតដែលព្រះពុទ្ធដាក់វិន័យសម្រាប់ ព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សានេះ គឺហាមដាច់ខាតមិនឱ្យនិមន្តចេញឆ្ងាយពីវត្តហួសពី៧ថ្ងៃនោះឡើយ។

នៅសម័យពុទ្ធកាល នៅក្នុងរដូវចូលវស្សា ព្រះភិក្ខុ សាមណេរទាំងឡាយត្រូវតែនិមន្តគង់នៅក្នុងវត្តដោយពុំចាំបាច់និមន្តបិណ្ឌបាតនោះទេ។ ក៏ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ន ដោយសារការផ្គត់ផ្គង់មិនបានពេញបរិបូរណ៍ដូច្នេះព្រះសង្ឃ អាចនិមន្តបិណ្ឌបាត និមន្តទៅសិក្សារៀនសូត្រ និមន្តទៅចូលរួមសកម្មភាពសង្គមអ្វីផ្សេងទៀត ដោយពុំមានអាបត្តិអ្វីដូចដែលធ្លាប់និយាយតៗគ្នានោះទេ វៀរលែងតែត្រាច់ទៅខុសកាល និងចូលអារាមវិញខុសកាល (មុនអារុណរះ)៕