ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃទាំង៤២វត្ត ក្នុងស្រុកកោះធំ ខេត្តកណ្តាល


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះបានដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា និងវត្ថុបរិក្ខារ វេរប្រគេនព្រះសង្ឃទាំង៤២វត្តក្នុងស្រុកកោះធំ ខេត្តកណ្តាល។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តគ្រប់វត្ត លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ភូមិ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ត្រីការិយាល័យ និងអង្គភាពជុំវិញស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ គណ:កម្មការវត្តគ្រប់វត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តសរុបប្រមាណ១៨៩អង្គ/នាក់។

ឋិតក្នុងកម្មវិធីវេរប្រគេនដែលបានប្រារព្ធធ្វើឡើងនៅក្នុងវត្តព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានវេរទៀនចំណាំព្រះវស្សា និងវត្ថុបរិក្ខារប្រគេនព្រះសង្ឃទាំង៤២វត្ត ក្នុងមួយវត្តទទួលបានទៀនចំណាំព្រះវស្សា១គូ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មី២កេស សាដក១គូ ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ធូប១ដុំធំ តែ១គីឡូ ស្ករស៤គីឡូ អង្ករ៥០គីឡូក្រាម និងបានប្រគេនបច្ច័យបួនដល់ព្រះសង្ឃចំនួន៤២អង្គ ក្នុងមួយអង្គចំនួន១០០ដុល្លារ ចូលបុណ្យព្រះវស្សាចំនួន៥០០ ០០០រៀល ឧបត្ថម្ភសោហ៊ុយដឹកជញ្ជូនក្នុង១វត្ត ៥០ ០០០រៀល។

ដោយឡែកវត្តព្រែកតាដួង លោកសាស្ត្រាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានចូលបុណ្យបន្ថែមចំនួន ១.០០០.០០០ រៀលផងដែរ៕