ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងភាពម្ចាស់ការ ត្រូវផ្ដល់អាទិភាពលើការកសាង និងពង្រឹងធនធានមនុស្ស


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត បានលើកឡើងថា ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងភាពម្ចាស់ការ ត្រូវតែផ្ដល់អាទិភាពលើការកសាង និងពង្រឹងធនធានមនុស្ស។

ក្នុងជំនួបជាមួយលោកគ្រូ អ្នកគ្រូ ដែលបានបង្ហោះនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមបណ្ដាក្រសួងស្ថាប័នភាគច្រើនដែលកំពុងបម្រើការងារ គឺបណ្ដុះបណ្ដាលក្រោយឆ្នាំ១៩៧៩ ខណៈអ្នកបណ្ដុះបណ្ដាលមុនឆ្នាំនេះ នៅបន្ដជារាមច្បង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺបានផ្ដល់អាទិភាពលើការងារនេះដើម្បីមានភាពម្ចាស់ការលើខ្លួនឯង ហើយរាជរដ្ឋាភិបាលចំណាយថវិកាប្រមាណជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះ៨០ភាគរយ ចំណាយលើប្រាក់បៀវត្ស៍ លោកគ្រូ អ្នកគ្រូ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អត់មានប្រទេសណា មកដឹកនាំប្រទេសយើង អត់មានប្រទេសណាស្រលាញ់ខ្មែរ ចង់ឲ្យខ្មែររីកចម្រើនល្បឿនលឿនជាងខ្មែរនោះទេ។ នេះហើយដែលយើងម្ចាស់ការខ្លួនឯង ហើយដែលយើងយកចិត្តទុកដាក់លើវិស័យអប់រំ។ យើងមិនមែនមានត្រឹមតែជាគោលនយោបាយ នៅលើក្រដាសនោះទេ»

ដរាបណាថវិកាជាតិកាន់តែកើន ផលប្រយោជន៍ត្រូវបានផ្ដល់ជូនលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្ស គឺកាន់តែកើនដូចគ្នា ហើយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលគិតគូរលើវិស័យអប់រំយ៉ាងពិតប្រាកដ។ នេះជាអ្វីដែលលោក ហ៊ុន ម៉ាណែត បានលើកឡើង។

ឯកឧត្តមបានប្រកាសទៀតថា នៅពេលដែលគណបក្សប្រជាជនកម្ពុជាបន្ដដឹកនាំប្រទេស គោលដៅផ្ដោតទៅលើវិស័យអប់រំជាធំ និងការយកចិត្តទុកដាក់លើលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅតែជាអាទិភាព សម្រាប់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជាជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគោលនយោបាយនេះធ្វើយ៉ាងណាដោយឆ្នាំបន្ដបន្ទាប់ ការចំណាយលើវិស័យអប់រំកាន់តែច្រើន ដើម្បីដាក់ឲ្យចំគោលដៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឲ្យកូនខ្មែរមានសមត្ថភាព ហើយធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។ លោកប្ដេជ្ញាចិត្តថា «ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំ យើងនឹងបន្ដជំរុញ ហើយវិស័យអប់រំ នៅតែជាវិស័យអាទិភាព និងទទួលបានពីការគាំទ្ររបស់រាជរដ្ឋាភិបាល»