ឯកឧត្តម ហេង សួរ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់បណ្ណ និងលិខិតសរសើរជូនសមាជិកគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ


នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងលោកជំទាវ ជ្រឹង បុទុមរង្សី ប្រធានគណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីរៀបចំពិធីអបអរសាទរ ខួបលើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២), ផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ, និងប្រគល់បណ្ណ និងលិខិតសរសើររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនថ្នាក់ដឹកនាំសាខាគណបក្ស និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ដែលទើបទទួលបានការតែងតាំង និងមានស្នាដៃនាពេលកន្លងមក។ កម្មវិធីខាងលើមានសមាជិក-សមាជិកាចូលរួមប្រមាណជាង ៤០០នាក់។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ជ្រឹង បុទុមរង្សី បានជម្រាបជូនលទ្ធផលដែលគណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការពារផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ព្រមទាំងខិតខំជំរុញអ្នកវិនិយោគកូរ៉េទៅវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហេង សួរ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណ និងកោតសរសើររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ថ្នាក់ដឹកនាំសាខាគណបក្ស និងសកម្មជននៅសាធារណរដ្ឋកូរ៉េទាំងអស់ ដែលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការប្រព្រឹត្តនូវអំពើល្អ ពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងបាននូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅសាធារណរដ្ឋកូរ៉េ ហើយក៏បានរួមចំណែកក្នុងការអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ជាពិសេសឳពុកម្តាយរបស់ខ្លួនដែលរស់នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងមកនេះ។

ឯកឧត្តម ហេង សួរ ក៏បានពាំនាំនូវសេចក្តីនឹករឮករបស់ លោក ហ៊ុន ម៉ាណែត ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។

បន្ទាប់មក លោកជំទាវ ជ្រឹង បុទុមរង្សី ប្រធានគណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងជូនប្រធាន អនុប្រធានតាមសាខាគណបក្ស ហើយលោក ហេង សួរ បានអញ្ជើញប្រគល់បណ្ណ និងលិខិតសរសើរជូនដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងបានពិសាអាហារសាមគ្គី និងរាំកម្សាន្តក្នុងបរិយាកាសស្និទ្ធស្នាល និងមានភាពសប្បាយរីករាយក្រៃលែងហើយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េពិតជាថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សដែលបានចាត់តាំងឱ្យមានក្រុមការងារអង្គការចាត់តាំងចុះមកសាធារណរដ្ឋកូរ៉េ និងបានបង្កើតនូវភាពស្និទ្ធស្នាល និងភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អជាមួយសហគមន៍ខ្មែរ និងជាពិសេសសមាជិក-សមាជិកានៅសាធារណរដ្ឋកូរ៉េ៕