ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន


នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេរភាគី លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និង លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីសវៀតណាម បានចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសាររវាងប្រទេសកម្ពុជា និងវៀតណាម។

ឯកសារដែលត្រូវចុះហត្ថលេខានាពេលនោះរួមមានដូចជា៖
១- សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។
២- ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោកទេសរដ្ឋមន្ត្រី ឆាយ ថន។
៣- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ត្រាន់ តួនអាញ់ និង រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។
៤- សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក ដែលចុះហត្ថលេខាដោយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀន ជីវិញ និង រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក នាង ផាត។
៥- អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ( NIPTICT) នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជាជាមួយក្រុមហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) ដែលចុះហត្ថលេខាដោយ អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា លោក ង្វៀន ថាញ់ញឿង និង ប្រធានវិទ្យាស្ថានប្រៃសណីយ៍ លោក. សេង សុភាព៕