ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា


នាថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ កន្លងមក។ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកាគណបក្សក្រសួង សរុបអ្នកចូលរួមប្រមាណ ២៦០នាក់។
បន្ទាប់ពី ឯកឧត្តម សារ៉ាយ ឆុន ប្រធានលេខាធិការដ្ឋានគណបក្សក្រសួង បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជារួចមក ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍ កោតសរសើរ និងអរគុណដ៏ស្មោះស្ម័គ្រសាជាថ្មីម្តងទៀត ជូនចំពោះឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសក្តិសមជាមួយជោគជ័យដ៏ត្រចះត្រចង់នៅទូទាំងប្រទេស ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥កន្លងមក។
ឯកឧត្តម ឈិត សុខុន បានធ្វើការគូសបញ្ជាក់សង្កត់ធ្ងន់ពីយុទ្ធសាស្រ្តដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ក្នុងបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់មាតុភូមិ និងប្រជាជនកម្ពុជា។
សក្ខីកម្មនៃស្នាដៃមហិមាជាប្រវត្តិសាស្រ្តនេះ បានបង្ហាញច្បាស់តាមរយៈជំនឿរបស់ប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យដណ្ដើមបានជ័យជំនះជារៀងរហូតមក។ ជោគជ័យនេះក៏ជាសក្ខីភាពយ៉ាងប្រត្យ័ក្ស បញ្ជាក់ពីឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។