រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា នៅអាងទឹកឈ្វាំង ស្ថិតនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការរៀបចំប្រារព្ធទិវាមច្ឆាជាតិនាឆ្នាំនេះ ខេត្តកំពង់ឆ្នាំងបានលែងកូនត្រីពូជ និងមេពូជត្រី៦ម៉ឺនក្បាល ចូលទៅក្នុងអាងទឹកឈ្វាំង ដែលជាអាវទឹកដ៏ធំមួយ និងជាតំបន់ទេសចរណ៍ផងដែរ ក្នុងស្រុករលាប្អៀរ ពូជត្រីដែលបានលែងចូលទៅក្នុងអាងខាងលើនេះមាន ត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ត្រីខ្យា ត្រីព្រលូង និងត្រីកាហែរ។
នាឱកាសនោះឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់ទុកថា ការលែងកូនត្រីពូជ គឺដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឲ្យមានភាពប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល កំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់ អភិវឌ្ឍន៍វិស័យជលផលក្នុងមូលដ្ឋាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទ ដ្ឋានគតិយុត្តិនានា ជូនដល់ប្រជាពលរដ្ឋអោយបានយល់ និងត្រូវរួមគ្នាធ្វើការបង្កា្របនូវរាល់បទល្មើសនេសាទ ដែលមាននៅក្នុងមូលដ្ឋាន ដោយធ្វើការសហការណជាមួយ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ។បំផុសអោយប្រជាពល រដ្ឋធ្វើការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញសហគមន៍នេសាទដែលបាន បង្កើតរួចឲ្យបានរឹងមាំ និងត្រូវរួមគ្នាថែរក្សាព្រៃលិចទឹកឲ្យបានគង់វង្សទុកជាជម្រកត្រីពងកូន៕