គណៈកម្មការទី២ ព្រឹទ្ធសភា សិក្សាឈ្វេងយល់ អំពីការពង្រឹងកិច្ចការរដ្ឋបាលឃុំ-សង្កាត់ជាមួយរដ្ឋបាលខេត្តព្រៃវែង ក្រោយការបោះឆ្នោត


គណៈកម្មការទី២ នៃព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានចុះសិក្សាឈ្វេងយល់ អំពីការពង្រឹងកិច្ចការរដ្ឋបាលឃុំ-សង្កាត់ ជាមួយរដ្ឋបាលខេត្តព្រៃវែង ក្រោយការបោះឆ្នោត សំដៅអភិវឌ្ឍន៍មូលដា្ឋន ធានាបានសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ការចុះសិក្សាឈ្វេងយល់នេះមានការចូលរួមពី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងឯកឧត្តម សួន សុម៉ាលីន អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន បានរាយការណ៍ថា ក្នុងការលើកកម្ពស់ ការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រងវិមជ្ឈការ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ច ស្របតាមច្បាប់ និងវិធានការនានា សំដៅឲ្យការអនុវត្តន៍របស់រដ្ឋបាលខេត្ត ធានាបាននូវប្រសិទ្ធភាពការងារ និងធ្វើការឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយ ភាពឆ្លើយតប។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ក្រោយពីបានផ្ទេរ និងការធ្វើសមាហរណកម្មក្នុងចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលបាលក្រុង ស្រុក ទូទាំងខេត្ត បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រុងស្រុក ជារដ្ឋបាលមួយប្រកបដោយថាមពល ទាំងបុគ្គលិក ទាំងធនធាន ដើម្បីប្រមូលផ្ដុំការដឹកនាំ គ្រប់វិស័យក្នុងដែនដីរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបខ្ពស់ជាងមុន។

ឯកឧត្តមថា ក្នុងស្មារតីរួមនៃកំណែទម្រង់ ដ៏មានសារៈសំខាន់នេះ និងក្នុងនាមជាអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តពង្រឹងការលើក កម្ពស់កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីឲ្យការអនុវត្ដន៍ទូននាទីភារកិច្ច របស់ថ្នាក់រដ្ឋបាលទាំងនោះ ប្រព្រឹត្តទៅស្របតាមច្បាប់ និងវិធានការទាំងឡាយជាធរមាន ពិសេសការលើកខ្ពស់ការអភិវឌ្ឍន៍មូលដ្ឋានកាន់តែ ប្រសើរថែមទៀត។

ជាមួយគ្នានេះ ក្រោយពីការបោះឆ្នោយជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គិតមកទល់ពេយនេះ រដ្ឋបាលខេត្ត បានដំណើរការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ រួចរាល់ទាំង១១៦ឃុំ សង្កាត់ នៅទូទាំងខេត្តព្រៃវែង ដើម្បីចាប់ផ្ដើមបំពេញករងារបន្ទាប់ពីការប្រជុំលើកដំបូង។

ឯកឧត្តមបន្តថា ក្រៅអំពីការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានយកចិត្ត ទុកដាក់អនុវត្តតាមវិធានគតិយុត្តនានាជាធរមាន និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅ មូលដ្ឋានប្រកបដោយគុណភាព គុណធម៌ និងភាពឆ្លើយតប។

ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ទើរគ្រប់គ្រួសារ សុទ្ធតែមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងអត្រានុកូលដ្ឋាន។ ក្នុងគោលដៅ លើកកម្ពស់សេវាកាន់តែប្រសើរថែមទៀត រដ្ឋបាលខេត្តបានពង្រីកការផ្តល់សេវាស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់ កម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្តអាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើនូវសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានយ៉ាងល្អប្រសើនាពេលកន្លងមក។

មន្ថែលើសពីនេះឯកឧត្តម ជា ជេដ្ឋ បានជំរុញ និងផ្ដល់កម្លាំងចិត្តដល់រដ្ឋបាលខេត្តអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវតែបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយទ្វេដងថែមទៀតនោះ។

ឯកឧត្តមក៏សូមណែនាំដល់មន្ទីរអង្គភាព ពាក់ព័ន្ធទាំងអស់ដែលបានលើកឡើងនូវចំណុចបញ្ហាប្រឈមនានា នៅក្នុងអង្គប្រជុំនេះត្រូវខិតខំបំពេញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះសម្រេចបាននូវលទ្ធផលល្អ នាពេលខាងមុខសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន៕