សម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំរុញដល់មន្ត្រីគយទាំងអស់ខិតខំជំរុញការប្រមូលពន្ធជូនរដ្ឋ


អគាររដ្ឋបាល និងអគារស្នាក់នៅសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ក៏ដូចជាមន្ត្រីគយទាំងអស់ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការប្រមូលពន្ធជូនរដ្ឋមានការកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរដល់រដ្ឋបាលខេត្តស្វាយរៀង ដែលមានលោក ម៉ែន វិបុល ជាអភិបាលខេត្ត និងមន្ត្រីរាជការសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងទាំងអស់ ដែលបានចូលរួមចំណែកក្នុងការប្រមូលពន្ធជូនរដ្ឋ ធ្វើឲ្យកំណើនថវិកាចំណូលចូលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់។

គួរជម្រាបថា ពិធីខាងលើនេះក៏មានការចូលរួមពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក លោកស្រីដែលជាប្រតិភូអមដំណើរ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ៕