ឯកឧត្តមរដ្ឋមន្រ្តី វង សូត ផ្តល់អនុសាសន៍៤ចំណុច ដើម្បីលើកស្ទួយ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អនុសាសន៍សំខាន់ៗ៤ចំណុច ដើម្បីលើកស្ទួយ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុង ពិធីអបអរសាទរចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជូននិស្សិតវិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំឡើង នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

អនុសាសន៍សំខាន់ៗ៤ចំណុចរួមមាន៖

១៖ បន្តខិតខំជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជាប្រចាំសមដៅលើកម្ពស់ចំណេះដឹង និងចំណេះធ្វើ ប្រកបដោយគុណភាពស្របតាមស្ថានភាពនៃវិស័យអប់រំ និងទីផ្សារការងារ។

២៖ បន្តអភិវឌ្ឍការអប់រំបែបឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍សេដ្ឋកិច្ចធីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកទេសវិទ្យាឌីជីថល ទៅគ្រប់កម្រិតកម្មវិធីសិក្សា។

៣៖ បន្តពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងអភិបាលកិច្ចរបស់វិទ្យាស្ថានជាតិសង្គមកិច្ច តាមរៈការធ្វើទំនើបកម្មវិធីសាស្រ្តបង្រៀនថ្មី កម្មវិធិសិក្សា និងប្រព័ន្ធគ្រប់គ្រង។

៤ ៖ បន្តលម្អបរិស្ថានសិក្សា ធនធានសិក្សា និងហេដ្ឋារដចនាសម្ព័ន្ធរូបវន្ត ឲ្យបានល្អប្រសើរថែមទៀត។

បន្ថែមពីលើនេះ ឯកឧត្តម វង សូត ក៏បានសម្តែងការអបអរសាទរជាមួយសិស្ស និស្សិតជ័យលាភីចំនួន១៩៧នាក់ ក្នុងនោះស្រី៩៦នាក់ និស្សិតបរទេស១១នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ស្របតាមកម្មវិធិសិក្សាកម្រិតវិញញាបនបត្រវិជ្ជាជីវៈ និងកម្រិតបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

ឯកឧត្តមបានលើកឡើងថា នេះជាលើកទី៣ហើយ គិតចាប់តាំងពិឆ្នាំ២០១៧ ដែលលោកបានប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតជ័យលាភី សម្រាប់វិទ្យាស្ថានជាតិសង្គមកិច្ច ដែលចាត់ទុកថានេះ ជាការរួមចំណែក លើកកម្ពស់ការអភិឌ្ឍធនធានមនុស្សផ្នែកសង្គមកិច្ច ទោះបីមានបញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងន័យធានាបាននូវនិរន្តរភាពការងារអប់រំ និងធានាបាននូវសុវត្ថិភាពអប់រំបណ្តុះបណ្តាលស្របតាមកម្មវិធីបានកំណត់។

នៅក្នុងឳកាសនោះដែរ លោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានលើកឡើងថា រយៈពេលប្រមាណ១០ឆ្នាំមកនេះ វិទ្យាស្ថានជាតិសង្គមកិច្ច បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចមណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង ទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍរបស់ខ្លួនស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព៕