ឯកឧត្តម អ៉ិត សំហេង៖ បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើនគ្រប់កម្រិត


ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្សមានសមត្ថភាពខ្ពស់កាន់តែច្រើនគ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ដែលបាន និងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។

គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្សបានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវវ័យអាចទៅបន្តការសិក្សាបាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារលើកឡើងបែបនេះ នាឱកាសសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២២-២០២៣ ចំនួន២៤រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម អ៉ិត សំហេង បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសជប៉ុន និងថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា មានមោទកភាពដែលបានបង្កើតឱកាសនេះជូនដល់និស្សិតរបស់កម្ពុជាជាយុវជន ហើយជឿជាក់ថាការសិក្សារបស់និស្សិតអាហារូបករណ៍ទាំងនេះនឹងទទួលបានជោគជ័យក្លាយជាមនុស្សថ្មី មានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នងដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យបានយល់ដឹងពីវិស័យនេះ ដោយមានកម្មវិធីអាទិភាពចំនួន៥ ដែលកំពុងអនុវត្តន៍ រួមមាន៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការរក្សា និងបង្កើនមុខរបរនិងការងារនៅក្នុងនិង ក្រៅប្រទេស, ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ ដែលបានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជាមានការរីកចម្រើន ដោះស្រាយបញ្ហាការងារ កម្មករនិយោជិតមានប្រាក់ ចំណូលកាន់តែប្រសើរ ការគាំពារសង្គម រហូតដល់ពេលនេះមានដល់ប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនកម្មករនិយោជិតដែលពុំធ្លាប់មានពីមុនមកសោះក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ឯកឧត្តមបានផ្តល់នូវព័ត៌មានខ្លះៗពីស្ថានភាពរបស់ប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនខ្ពស់ ប្រាក់ចំណូលក៏ខ្ពស់។ ជប៉ុនក៏ជាប្រទេសមានបទពិសោធន៍ច្រើនក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតអន្តរជាតិ ដូច្នេះទាមទារឲ្យនិស្សិតកម្ពុជាត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន ត្រូវចេះយកអសាគ្នាទៅវិញទៅមក ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩ និងត្រូវចូលរួមសកម្មភាពសង្គម ជួយផ្សព្វផ្សាយវប្បធម៌ជាតិ សភាពការណ៍ព័ត៌មានត្រឹមត្រូវពីក្នុងប្រទេសផងដែរ។

សូមជម្រាបជូនថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា JDS នេះ ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅ ពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ជប៉ុន និងសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសគឺសម្រាប់មន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព និងសក្តានុពលខ្ពស់ក្នុងការរួមចំណែកអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានល្អប្រសើរនាពេលអនាគត៕