ក្រសួងបរិស្ថាន និងក្រុមអ្នកអភិរក្ស បានបង្ហាញពីសារៈសំខាន់ការស្តារខ្លាធំឡើងវិញ បន្ទាប់ពីបាត់វត្តមាននៅកម្ពុជា១៥ឆ្នាំ


(មណ្ឌលគិរី)៖ ពន្លឺនៃការនាំយកសត្វខ្លាធំ ពីបរទេសដើម្បីស្តារឡើងវិញបន្ទាប់បានបាត់វត្តមាននៅក្នុងជាង១៥ឆ្នាំមកនេះ ត្រូវបានក្រសួងបរិស្ថាន និងក្រុមអ្នកអភិរក្សសាទរយ៉ាងខ្លាំង ព្រមទាំងបានអះអាងពីសារៈសំខាន់នៃវត្តសត្វខ្លាធំ នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា ជាពិសេសវានឹងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈទេសចរណ៍សត្វព្រៃជាដើម។

គួររំឮកថា កាលពីសន្និសីទលើកទី៣ ស្តីពីការអភិរក្សសត្វខ្លាធំ ក្នុងតំបន់អាស៊ី របស់រដ្ឋមន្ត្រី១៣ប្រទេស ដែលមានវត្តមានខ្លាធំ បានកំណត់បង្កើនចំនួនសត្វខ្លាធំឱ្យកើនទ្វេរដងក្នុងឆ្នាំ២០២២។ តាមការប៉ាន់ស្មានរបស់ WWF និងវេទិកាសត្វខ្លាសកល បានបង្ហាញថា បច្ចុប្បន្នចំនួនសត្វខ្លា ក្នុងសកលលោក មាន៣,៨៩០ក្បាល ខណៈកាលពីឆ្នាំ២០១០ មានចំនួន ៣,២០០ក្បាល។

សម្រាប់កម្ពុជា ដើម្បីស្តារខ្លាធំឱ្យមានវត្តមានក្នុងព្រៃធម្មជាតិវិញ គឺរដ្ឋាភិបាលមានគម្រោងនាំយកសត្វខ្លាធំ ពីប្រទេសឥណ្ឌា ខៈណអង្គការការពារសត្វព្រៃ បានស្វាគមន៍ និងត្រៀមខ្លួនគាំទ្រចំពោះគម្រោងនេះ។

ជុំវិញការស្តារសត្វខ្លាធំឱ្យមានវត្តមាននៅព្រៃធម្មជាតិកម្ពុជាវិញ និងស្របពេលទិវាសត្វខ្លាធំ និងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើង ថាការស្តារសត្វខ្លាធំឡើងវិញជារឿងសំខាន់ ព្រោះវាធ្វើឱ្យមានតុល្យភាពប្រព័ន្ធអេកូឡូស៊ី នៃបរិស្ថានធម្មជាតិ ខណៈដែលកម្ពុជា ជាប្រទេសធ្លាប់មានខ្លាធំ ដែល ត្រូវតែធ្វើឱ្យមានការបន្តពូជឡើងវិញ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានអះអាងយ៉ាងដូច្នេះថា៖ «ការស្តារសត្វខ្លាធំឡើងវិញ គឺដើម្បីបញ្ជាក់ថា កម្ពុជាជាប្រទេស ធ្លាប់មានខ្លាធំ ដែលត្រូវតែឱ្យមានការបន្តពូជបន្ថែមទៀត ខណៈសត្វព្រៃដែលអាចរក្សាបាននូវតុល្យភាពអេកូឡូស៊ី ដែលកម្ពុជាបានបាត់បង់ទៅមិនមែនត្រឹមតែខ្លាធំនោះទេ គឺមានទាំងសត្វរមាស និងគោព្រៃផងដែរ»

ទោះយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏នៅមិនទាន់អាចបញ្ជាក់បានថាសត្វខ្លាធំនឹងត្រូវនាំមកដល់ប្រទេសកម្ពុជាពេលណាហើយនឹងត្រូវប្រលែងចូលក្នុងព្រៃធម្មជាតិ នៅពេលណានោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅកម្ពុជាធ្លាប់មានខ្លាធំ ដែលវត្តមានរបស់វាត្រូវបានគេឃើញ មានចុងក្រោយបំផុតនៅឆ្នាំ២០០៧ ដែលថតបាននៅក្នុងដែនជម្រកសត្វព្រៃ នៃខេត្តមណ្ឌលគិរី បើគិតត្រឹមឆ្នាំ២០២២ មានរយៈពេល១៥ឆ្នាំមកហើយ ដែលគេមិនឃើញវត្តមានសត្វខ្លាធំទៀតទេ ដែលអាចសន្និដ្ឋានបានថាកម្ពុជា បានបាត់ពូជប្រភេទសត្វខ្លាធំនេះហើយ។ សត្វខ្លាធំនៅកម្ពុជា ដែលបានបាត់បង់ទៅនោះអាចបណ្តាលមកពីការដាក់អន្ទាក់។

«ដើម្បីធ្វើសមាហរណកម្មខ្លាធំ ចូលមកកម្ពុជាវិញ ក្រសួងបរិស្ថាន កំពុងសហការជាមួយអង្គការ WA នៅតំបន់ជួរភ្នំក្រវាញ ដើម្បីពិនិត្យទៅលើទីតាំងសមស្រប ដើម្បីយកសត្វខ្លាធំ ដាក់ចូលក្នុងព្រៃធម្មជាតិវិញ ដោយសហការយកខ្លាធំមកពីប្រទេសឥណ្ឌា ព្រោះប្រទេសនេះ សំបូរសត្វខ្លាធំ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។

ឯកឧត្តមបញ្ជាក់ថា ក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏ជាតំបន់មួយដែលមានសក្តានុពលខ្ពស់ក្នុងការធ្វើសមាហរណកម្មសត្វខ្លាធំផងដែរ។ បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងសិក្សារួមគ្នាជាមួយអង្គការ WWF នៅភូមិភាគឦសាន ដើម្បីរៀបចំជាវិធានការកញ្ចប់មួយធ្វើយ៉ាងណាអាចថែរក្សាប្រភេទសត្វមួយចំនួន ដែលកម្រ និងជិតផុតពូជឱ្យនៅគង់វង្ស និងកើនប្រជាសាស្ត្រឡើងវិញហើយក៏ជាផ្នែកមួយនៃការបង្កើតសត្វរំពារជាប្រភេទសត្វដែលជាចំណីរបស់សត្វខ្លា មានដូចជា៖ សត្វឈ្លូស ប្រើស ក្តាន់ ទន្សោង ឬខ្ទីង ជាដើម ជាប្រយោជន៍ក្នុងការស្តារសត្វខ្លាធំឡើងវិញ។

បើតាមឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការគ្រប់គ្រងសត្វខ្លាធំ ដែលត្រូវគិតនោះ គឺការពិនិត្យទៅលើថា តើយើងអាចនឹង រៀបចំការដាក់ជារបងព័ទ្ធតំបន់ស្នូលណាមួយដែលយល់ថាមានកម្រិតដង់ស៊ីតេសត្វព្រៃខ្ពស់ ដើម្បីឱ្យវានៅគង់វង្ស ហើយបន្ទាប់មកយើងពង្រីក space របស់យើង។ ប៉ុន្តែ ជាគម្រោងដែលកំពុងសិក្សានេះ ត្រូវការចំណាយថវិកាច្រើនផងដែរ។

លោក សេង ទៀក តំណាងប្រចាំប្រទេស នៃអង្គការ WWF បានឱ្យដឹងថា អង្គការ WWF បានធ្វើការជាមួយដៃគូដោយដាក់កម្មវិធីមួយហៅថាស្តារខ្លាធំ ឱ្យកើនចំនួន២ដង នៅក្នុងប្រទេសទាំង១៣ ដែលមានខ្លាធំ ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ននេះ ដែលជាលទ្ធផលបង្ហាញថាចំនួនសត្វខ្លាធំ មិនមែនសុទ្ធតែកើនឡើងនៅគ្រប់បណ្តាប្រទេសដែលមានសត្វខ្លាធំនោះទេ។

ជាមួយគ្នានេះដែរ លោក សេង ទៀក បានបន្តថា ប្រទេសដែលមានសត្វខ្លាធំកើនឡើង២ដង រួមមាន៖ ប្រទេសឥណ្ឌា និងនេប៉ាល់។ ចំណែកប្រទេសដែលមានការកើនឡើងមិនដល់២ដង គឺមានប្រទេសប៊ូតាន ចិន និង រុស្ស៉ី ហើយប្រទេសដែលមានចំនួនខ្លាថេរ មានបង់ក្លាដែស និងប្រទេសថៃ។ ដោយឡែកប្រទេសដែលមានសត្វខ្លាធំ ថយចុះនៅក្នុងរយៈពេល១២ឆ្នាំនេះ គឺប្រទេសភូមា ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ ចំណែកប្រទេសដែលបាត់វត្តមានខ្លា ឬប្រទេសដែលមានខ្លាតែមិនអាចបន្តពូជបានមានប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ៕