ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង១១គីឡូម៉ែត្រ ០៨៥ម៉ែត្រ ទទឹងប្រវែង៧ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។
ពិធីនេះបានប្រព្រឹតទៅ នៅបរិវេណវត្តគោករំដួល ភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា នៅលើកំណាត់ផ្លូវនេះស្ថាបនាលូប្រអប់៣កន្លែង លូមូលកាត់ទទឹងផ្លូវ២៧កន្លែង លូមូលកាត់ផ្លូវបំបែក ២៧ កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ ៧៨ កន្លែង មានគំនូសតាមអក្សផ្លូវ គំនូសឆ្លងកាត់ ១ កន្លែង នឹងស្ថាបនារយៈពេល ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលសាងសង់ដោយ ក្រុមហ៊ុន HENG SAMBAT Co.LTD , Import Export Transportation and Construction ក្នុងទឹកប្រាក់ចំនួន ១ ៥៥១ ០៦៣.២៨ដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងទៀតថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ផ្ដល់ឱកាសឲ្យមានលក្ខណៈពិសេសខុសប្លែកពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩។ ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូនជនបទ ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅជនបទ និងធ្វើឲ្យតម្លៃនៃអចលនទ្រព្យកើនឡើង។
សូមបញ្ជាក់ផងដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ បានចាប់ផ្ដើអនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន៦៧លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះមានសមាសភាពចំនួន២គឺ៖
ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដែលត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង៥០គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ចំនួន ៧៥ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុងចំនួន៧៥ស្រះ។
ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងពីរនេះ អនុវត្តនៅក្នុងខេត្តគោលដៅចំនួន៥គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង៕