ឯកឧត្តម ហ៊ុន ម៉ានី ជួបប្រជុំជាមួយក្បាលម៉ាស៊ីន គណៈចលនាមហាជនខេត្តបន្ទាយមានជ័យ


ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ គណៈចលនាមហាជនខេត្តបន្ទាយមានជ័យ និងរចនាសម្ព័ន្ធចំណុះដែលរួមមានថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ និងអង្គភាពប្រចាំ អង្គការ សមាគមជុំវិញ ចំនួន៦០០នាក់។

កម្មវិធីសំណេះសំណាលនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ត្រូវបានរៀបចំឡើងដើម្បីជាធ្វើបច្ចុប្បន្នភាពសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ចទូទៅជូនដល់ក្បាលម៉ាស៊ីនដឹកនាំ ការងារចលនាមហាជនរបស់គណបក្ស សំដៅគ្រប់គ្រងសមរភូមិ សតិអារម្មណ៍មហាជនធានាប្រៀបឈ្នះជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ។

យោងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ គណៈចលនាមហាជនខេត្ត បានរៀបចំបំពេញបន្ថែមសមាសភាពគណៈចលនាមហាជន ក្រុង-ស្រុក និងឃុំ-សង្កាត់ បានរួចជាស្ថាពរ ហើយបានបំពេញតួនាទី ភារកិច្ចដែលថ្នាក់កណ្តាលបានដាក់ចេញលើការដឹកនាំការងារសតិអារម្មណ៍មហាជនគ្រប់ស្រទាប់ រហូតរួមចំណែកដល់ជោគជ័យជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលកន្លងទៅប្រកបដោយក្តីមោទនៈ។

ទន្ទឹមជាមួយគ្នានេះ គណៈចលនាមហាជន ក៏បានដកស្រង់បទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈម ព្រមទាំងបានដាក់ចេញនូវទិសដៅការងាររបស់ខ្លួនឆ្ពោះទៅមុខ សម្រាប់ជ័យជំនះជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយស សម្តេច និងលោកស្រីអនុប្រធាន ព្រមទាំងលោកស្រីប្រធានគណៈចលនាមហាជនជូនដល់លោក លោកស្រី ថ្នាក់ដឹកនាំគណៈចលនាមហាជនក្រប់រចនាសម្ព័ន្ធដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនស្របតាមការចាត់តាំង និងភារកិច្ចដែលថ្នាក់កណ្តាលដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាក់ស្តែងលទ្ធផលគួជាទីមោទនៈ នៃការបោះឆ្នោតកន្លងទៅ សរបញ្ជាក់ពីការរួមចំណែកមិនអាចប្រកែកបាន នៃការងារចលនាមហាជន។ ក្នុងនាមលោកស្រីប្រធាន និងក្នុងនាមលោកផ្ទាល់ អគ្គលេខាធិការបានធ្វើការលើកទឹកចិត្តដល់រចនាសម្ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងបន្តថែមទៀត ជាពិសេសត្រូវក្តាប់ឲ្យណែននូវវឌ្ឍភាពថ្មីៗ នៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចដើម្បីធ្វើការផ្សព្វផ្សាយ បញ្រ្ជាបទៅក្នុងស្រទាប់មហាជនគ្រប់មជ្ឈដ្ឋានឲ្យបានទាន់សភាពការណ៍។

សូមបញ្ជាក់ថា ក្នុងបេសកកម្មចុះជួបរចនាសម្ព័ន្ធគណៈចលនាមហាជនតាមបណ្តារាជធានី-ខេត្ត អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានចុះជួបក្បាលម៉ាស៊ីនដឹកនាំគណៈចលនាមហាជនថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់បានចំនួន ៨ រាជធានី-ខេត្តរួចមកហើយ ដែលនេះជាជុំទី៣ សម្រាប់គណៈប្រតិភូផងដែរ។