អភិបាលរងខេត្តព្រៃវែង៤រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ


នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលរងខេត្តព្រៃវែង៤រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេល វេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យមានការបំពេញបន្ថែមចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុងស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អភិបាលរងខេត្តដែលប្រកាស់តែងតាំងថ្មី និងនាយករដ្ឋបាលពេលនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម លេង វី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តជំរុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលសមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តទាំង៤រូប និងនាយករដ្ឋបាល១រូប នាពេលនេះ សង្ឃឹមថានឹងអនុវត្តន៍បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា អភិបាលរងខេត្ត និងនាយករដ្ឋបាលនេះ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា មន្ដ្រីរាជការ ៤រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង រួមមាន៖

*ទី១៖ លោក ឈាង សុវណ្ណារ៉ា
*ទី២៖ លោក លាត ភិរុណ
*ទី៣៖ លោក ហ៊ី ធួក
*ទី៤៖ លោក ហ៊ន់ សុធារី ឋានន្ដរស័ក្ដិវរមន្ដ្រី សុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ក្រសួងសុខាភិបាល ជាអភិបាលរងខេត្ត៕