អភិបាលខេត្តព្រះវិហារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួសជុលឡើងវិញ សម្រួលការធ្វើដំណើររបស់ពលរដ្ឋ


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយ ជំនន់ទឹកភ្លៀង ដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងឈរជើងនៅតាមខ្សែរបន្ទាត់តំបន់ព្រំដែន កម្ពុជា-ថៃ ផងដែរ។

សូមបញ្ជាក់ថា ខេត្តព្រះវិហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យភូមិ ស្រុក និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត រងនូវការលិចលង់។

ប៉ុន្តែក្រោមការដឹកនាំរបស់ឯកឧត្តម គីម រិទ្ធី ជាអភិបាលខេត្ត គឺលោកបានចុះជាប្រចាំត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់រងគ្រោះខ្លាំងនិងតំបន់ផ្សេងៗទៀតក្នុងខេត្ត ដើម្បីត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋឱ្យទាន់ពេលវេលា និយាយរួមស្ថានភាពទឹកជំនន់នៅខេត្តព្រះវិហារគឺអាចគ្រប់គ្រងបាន ដោយមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

ក្រោយស្ថានភាពទឹកជំនន់មានការធូរស្រាល ឯកឧត្តម គីម រិទ្ធី ក៏នៅតែបន្តដឹកនាំក្រុមការងារ ពិសេសដឹកនាំស្ថាប័ន មន្ទីរ អង្គភាព ជំនាញក្នុងខេត្តបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត ពិសេសផ្លូវថ្នល់នៅតាមក្រវ៉ាត់ព្រំដែន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីមានវិធានការជួសជុល សម្រួលឡើងវិញ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន។

ជាក់ស្តែងនៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត នាថ្ងៃម្សិលមុិញ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ពិនិត្យសិក្សាដើម្បីរកវិធានការជួសជុលផ្លូវឡើងច្រកព្រំអានសេះ ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងតំបន់ឈរជើងរបស់កងទ័ព ក្រោយជំនន់ទឹកភ្លៀងមានការធូរស្រាល៕