(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាសម្រេច នីតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ប្រមាណ៧ ៦០នាក់ ជាមន្រ្តីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូតដល់ថ្នាក់នាយកដ្ឋាន ការិយាល័យនៃទីស្តីការក្រសួង រួមជាមួយប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈតាមរាជធានី-ខេត្តទាំង២៥នៅទូទាំងប្រទេស។
ថ្លែងមតិបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសហសាលសិក្សានៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានធ្វើការគូសបញ្ជាក់ច្បាស់ថា ការរៀបចំកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិនេះ គឺផ្អែកលើការចាំបាច់មួយចំនួនជាអាទ៍៖
ទី១. ភាពចន្លោះប្រហោងនៃការអនុវត្តនីតិវិធីកន្លងមកដែលបង្កជាផលប៉ះពាល់ដល់ប្រសិទ្ធភាពទទួលខុសត្រូវលើការគ្រប់គ្រងបន្ទុកបុគ្គលិក និងថវិកា
ទី២.ការបង្វែរសំណែសចំណាយជាទឹកប្រាក់ បៀវត្សបើកផ្តល់ដល់បុគ្គលិកដែលត្រូវបានលុបចេញពីតារាងបៀវត្សដោយមរណភាព ឬចូលនិវត្តន៍។ល។
ជាក់ស្តែងទំហំទឹកប្រាក់បើកហួសក្នុង ឆ្នាំ២០២១ អាចបង្វែរត្រឡប់មកវិញបានត្រឹមតែ៨០%ប៉ុណ្ណោះ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដំណើរការនៃការកែសម្រួលនីតិវិធីនេះ ត្រូវបានរៀបចំឡើងដោយចំណាយរយៈពេលប្រមាណ១០ខែ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក ដោយមានការចុះទៅពិគ្រោះយោបល់ជាមួយមន្រ្តីទទួលខុសត្រូវ និងអ្នកអនុវត្តផ្ទាល់ក្នុងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិពីរាជធានី-ខេត្ត ទៅដល់ស្រុក ក្រុង ខ័ណ្ឌ នៅទូទាំងប្រទេស ដើម្បីប្រមូលយកមតិយោបល់ជាធាតុចូលសំខាន់ៗសម្រាប់ធ្វើការកែសម្រួលឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាភាពរលូន និងសង្គតិភាពក្នុងការអនុវត្តជាក់ស្តែង។
បន្ទាប់មកគឺជាកម្មវិធីធ្វើបទបង្ហាញពីលទ្ធផលនៃការពិគ្រោះយោបល់របស់ក្រុមការងារក្នុងការចុះទៅសិក្សារៀបចំនីតិវិធីខាងលើ ដោយឯកឧត្តម ហួត ស៊ីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលប្រមូលផ្តុំលើចំណុចដែលបានឯកភាពគ្នាលើនីតិវិធីថ្មី រួមទាំងបញ្ហាប្រឈម និងសំណូមពរចាំបាច់មួយចំនួន។
លោក មាស ពេជ្រ អគ្គនាយរងនៃអគ្គនាយកដ្ឋានផែនការ សិ្ថតិ និងគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ឋព័ត៌មានវិទ្យា បានធ្វើបទបង្ហាញពីសេចក្តីព្រាងខ្លឹមសារលម្អិតនៃនីតីវិធីថ្មី ដែលត្រូវបានរៀបចំឡើងដោយផ្អែកលើលទ្ធផលសិក្សា និងការពិគ្រោះយោបល់ផ្ទាល់ខាងលើ។
ចុងបញ្ចប់នៃបទបង្ហាញ លោក ងន់ ម័រ ប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ក៏បានបង្ហាញជូនអង្គប្រជុំពីយន្តប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគាំទ្រសម្រួលការអនុវត្តនីតិវិធីថ្មីនេះ។ ជារួមអង្គប្រជុំបានឯកភាពទាំងស្រុងសម្រេចលើឯកសារណែនាំពីនីតិវិធីកែសម្រួលដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២នេះតទៅ។
ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសរុបកិច្ចប្រជុំដោយបានលើកសរសើរចំពោះមន្រ្តីដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងមុខងារសាធារណៈ ដែលបានចូលរួមក្នុងដំណើរការពិគ្រោះយោបល់ដែលទទួលបានលទ្ធផលល្អប្រសើរ និងក្នុងស្មារតីជឿជាក់ថាលិខិតបទដ្ឋាននីតិវិធីដែលបានតាក់តែងរួចស្រេចនឹងត្រូវបានអនុវត្តដោយរលូន ឈានទៅសម្រេចគោលដៅកំណត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជំរុញពង្រឹងការគ្រប់គ្រងបន្ទុកបុគ្គលិកឱ្យកាន់តែរលូន រួមចំណែកសន្សំសំចៃថវិកាជាតិ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដទៃទៀតដើម្បីធានាប្រសិទ្ធភាពការងាររដ្ឋ៕