ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) សម្រេចផ្ដល់រថយន្ដក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ បម្រើការដឹកជញ្ជូនប្រជាពលរដ្ឋកាន់តែលឿនជាងមុន


ដោយសារតែរាជធានីភ្នំពេញ មានការរីកចម្រើន និងការអភិវឌ្ឍនយ៉ាងឆាប់រហ័សគួរឲ្យភ្ញាក់ផ្អើល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និយាយជាមួយ និងនិយាយដោយឡែក សម្រាប់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានធ្វើឲ្យបញ្ហាចរាចរណ៍ខ្លាចជារឿងអទិភាពមួយ ដែលអាជ្ញាធររាជធានី យកចិត្ដទុកដាក់ជាខ្លាំង ជាពិសេសការសម្រួលការធ្វើដំណើរកាន់តែប្រសើរឡើង របស់បងប្អូនប្រជាពលរដ្ឋ។

តាមរយៈការដោះស្រាយបញ្ហាចរាចរណ៍ ក្រៅពីការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសការសាងសង់ស្ពានអាកាសជាច្រើនកន្លែង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ដំណើរការរថយន្ដក្រុងសាធារណៈ ពីគោលដៅទៅគោលដៅមួយ រហូតដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរដោយមិនចាំបាច់ប្រើយានជំនិះផ្ទាល់ខ្លួននោះឡើយ ហើយចំណាយក៏តិចផងដែរ។

ក្រៅពីការផ្ដល់ជំនួយពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលជប៉ុន នូវរថយន្ដក្រុងសាធារណៈជិត២០០គ្រឿង នាពេលកន្លងទៅនោះ នៅពេលនេះក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានសម្រេចផ្ដល់រថយន្ដ ក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។

ពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) នៃការប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពលោក ឃូង ស្រេង អភីបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងពិធីចុះ MoU ទទួលរថយន្ដក្រុងសាធារណៈទាំង២០០គ្រឿង, អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ ក៏ដូចជាជួយជំរុញ វិស័យដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ពីសំណាក់ក្រុមហ៊ុនចំពោះអាជ្ញាធររាជធានី ជាពិសេសគឺជាការផ្ដល់ប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញតែម្ដង។

ឯកឧត្តម ឃួង ស្រេង បានចាត់ទុកថា ការផ្ដល់ជំនួយរបស់ក្រុមហ៊ុន គឺជាការបង្ហាញឲ្យឃើញពីការរួមចំណែក បង្កើនទំនាក់ទំនង និងកិច្ចសហប្រិបត្ដិការ រវាងរដ្ឋាភីបាលកូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។

អគ្គនាយក ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានលើកឡើងថា ក្រុមហ៊ុនខ្លួនពិតជាមោទភាព និងរីករាយដែលបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកបណ្ឌិត LEE JOONG KEUN បានមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ និងដើម្បីគាំទ្រកិច្ចការសង្គមដ៏ល្អប្រពៃ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួម សកម្មភាពមនុស្សធម៌ និងគាំទ្រកិច្ចការសង្គមជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ តាមរយៈការឧបត្ថម្ភរថយន្តក្រុង ប្រភេទថ្មី ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ។

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

អគ្គនាយកក្រុមហ៊ុន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យមានសុខសន្ដិភាពពេញលេញទូទាំងប្រទេស ដែលអាចបើកផ្លូវឲ្យក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនរបស់លោកផ្ទាល់ មានឱកាសមកដាក់វិនិយោគរកស៊ីនៅក្នុងប្រទេសកម្ពុជា ដែលជាការរួមចំណែកបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ៕