នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៥០គ្រួសារ នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អំណោយខាងលើទទួលបានពីធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។
ពិធីខាងលើក៏មានការអញ្ជើញចូលរួម ពីសំណាក់សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្តកំពង់ឆ្នាំង អភិបាលស្រុកទឹកផុស អជ្ញាធរមូលដ្ឋាន និងយុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាជាច្រើនរូបផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ការផ្ដល់ជូននូវអំណោយថ្ងៃនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយ សម្រាលជីវភាពប្រជាពលរដ្ឋពីភាពលំបាកមួយគ្រា ហើយអំណោយថ្ងៃនេះផងដែរ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់ពីជាតិសាសន៍ ពណ៌សម្បុរ និងសាសនានោះឡើយ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលលោកបាននិងកំពុងធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគំរូសម្រាប់ពិភពលោក។
លើសពីនោះទៀតនោះ ឯកឧត្តមក៏បានលើកឡើងពីសិទ្ធិ និងសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាដែលមិនអាចកាត់ថ្លៃបាន ដោយរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិពេញលេញស្មើមុខស្មើមាត់សម្រាប់សាសនិកឥស្លាមកម្ពុជាក្នុងការរស់នៅ សិទ្ធិទទួលបានការអប់រំ សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិប្រណិប័តន៍សាសនា និងផ្សេងៗទៀត។ លើសពីនោះទៀតនោះ សមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាបានរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាមចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម អូស្មាន ហាស្សាន់ ក៏បានរំលឹកពីគុណតំលៃនៃសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានដូចសព្វថ្ងៃនេះ ព្រោះមានសន្តិភាពមានអ្វីៗគ្រប់យ៉ាង។ ឧទាហរណ៍មានស្រាប់ប្រទេសដែលកំពុងមានវិបត្តិសង្រ្គាមនោះ គឺប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យប្រជាជនជួបអសន្តិសុខ បែកបាក់គ្រួសារ បាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ។ល។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរួមគ្នាថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានស្រាប់ ដោយបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។
សូមជម្រាបផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៤៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០ គីឡូក្រាម ប្រេងឆា ២លីត្រ ស្ករស ២គីឡូក្រាម មីខ្លាឃ្មុំ ១០កញ្ចប់ ត្រីខ ៤កំប៉ុង អំបិល ១គីឡូក្រាម សាប៊ូដុសខ្លួន ៤ដុំ និងសាប៊ូលាងចាន ១ដប។
បន្ទាប់ពីបានចែកអំណោយខាងលើ ឯកឧត្តមបណ្ឌិត ក៏បានដឹកនាំគណៈប្រតិភូនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃគង់នៅ វត្តសុវណ្ណេសនារាម ស្ថិតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដោយក្នុងនោះ មានអង្ករ ១០០គីឡូក្រាម មី ៥កកេស ត្រីខ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីវអុីវ ៥យួរ ប្រេងឆា ១០លីត្រ ទឹកសុទ្ធ ៥កេស និងថវិកា ១០០ដុល្លារផងដែរ។
សម្រាប់អំណោយដែលទទួលបានពី ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ដែលជាធនាគាររបស់បណ្ដាប្រទេស ជាសមាជិកនៃអង្គការ សហប្រតិបត្តិការឥស្លាម (OIC) ដែលមាន ៥៧ ប្រទេសជាសមាជិក និងមានស្នាក់ការកណ្ដាល នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋកម្ពុជាមាន ៣០០០ កញ្ចប់ ក្នុងនោះចែកជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញចំនួន ៦០០កញ្ចប់ ខេត្តកណ្តាល ៤០០កញ្ចប់ ខេត្តកំពង់ឆ្នាំង ៤៥០ កញ្ចប់ ខេត្តកំពង់ស្ពឺ ២០០កញ្ចប់ ខេត្តពោធិ៍សាត់ ៦០០កញ្ចប់ ខេត្តបាត់ដំបង ៤៥០កញ្ចប់ និងខេត្តបន្ទាយមានជ័យ ៣០០កញ្ចប់៕