ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីនៅក្នុពិធីចែកសញ្ញាបត្របណ្ដិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គរៀបរយ និងវគ្គឥស្សរជន) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ជាង ១,០០០នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហៅសាលាតិចណូ។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានថ្លែងថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ១៨២០អង្គ/នាក់ (ស្រីចំនួន ៣០៦នាក់) រួមមាន៖
* បណ្ឌិតកិត្តិយស ចំនួន៨នាក់ (ស្រីម្នាក់)
* បណ្ឌិតស្រាវជ្រាវ ចំនួន២៧២អង្គ/នាក់ (ស្រីចំនួន២៤នាក់)
* បរិញ្ញាបត្រជាន់ខ្ពស់ (រៀបរយ) ចំនួន៩៥អង្គ/នាក់ (ស្រីចំនួន២១នាក់)
* បរិញ្ញាបត្រជាន់ខ្ពស់ (ឥស្សរជន) ចំនួន១២០៥អង្គ/នាក់ (ស្រីចំនួន២៣៧នាក់)
* បរិញ្ញាបត្រ ចំនួន២៣១នាក់ (ស្រីចំនួន១៩នាក់)
* និងបញ្ញាបត្ររង ចំនួន១១នាក់ (ស្រីចំនួន៤នាក់)។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបញ្ចប់ការសិក្សា និងទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់។ លោកបណ្ឌិត ក៏បានជំរុញដល់និស្សិតជ័យលាភីទាំងអស់យកចំណេះដឹងរបស់ខ្លួន ទៅបន្តចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ដែលកំពុងស្ថិតក្រោមសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
សូមជម្រាបថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដើមឡើយមានឈ្មោះថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិជ្ជា (CUP) ដែលកកើតឡើងនៅឆ្នាំ២០០២ ហើយនៅឆ្នាំ២០១៨ ក៏បានផ្លាស់ប្ដូរឈ្មោះជាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបច្ចុប្បន្ននេះមានចំនួន ៤សាខា ទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមជួយអភិវឌ្ឍវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕