សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះការរក្សាបាន កំណើនពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ទោះក្នុងវិបត្តិជំងឺកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរវាងកម្ពុជា និងថៃ ក្នុងកំលុងពេលវិបត្តិជំងឺកូវីដ១៩ ដោយបន្តរក្សាបាននូវកំណើនពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។

ក្នុងជំនួបជម្រាបលារបស់លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូតនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ក៏ដោយកម្ពុជា និងថៃ បានខិតខំធ្វើការរួមគ្នាជំរុញទំនាក់ទំនងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀត បានយ៉ាងល្អជាទីមោទនភាព។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការរក្សានូវកំណើនពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនានាក្នុងកំលុងពេលវិបត្តិជំងឺកូវីដ១៩នេះ ក៏ដោយសារកិច្ចប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ដែលបានខិតខំបំពេញបេសកកម្មការទូតធ្វើឱ្យប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ក៏បានលើកបង្ហាញពីកិច្ចប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ក្នុងកំលុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជាផងដែរ។ លោក បានជម្រាបសម្តេចតេជោថា ពេលលោកមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ លោកបានប្តេជ្ញាថា នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់។

លោកបន្តថា នៅពេលនេះ ការសន្យារបស់លោកបានលេចចេញជាផ្លែផ្កា ក្នុងនោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា-ថៃ ត្រូវបានពង្រីក និងពង្រឹង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ១០ភាគរយ ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ក៏ដោយ។ បន្ថែមពីលើនោះ វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។

របាយការណ៍ បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឆ្នាំ២០២១ សម្រេចបានទឹកជិត ៨ពាន់លានដុល្លារ កើនប្រមាណ ១០ភាគរយ។ ក្នុងនោះការនាំចេញពីកម្ពុជាទៅថៃ មានទំហំទឹកប្រាក់ ៨៩៤លានដុល្លារអាមេរិក។ ចំណែកការនាំចូលពីថៃ មានទឹកប្រាក់ ៦.១ពាន់លានដុល្លារ។

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការល្អឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យត្រជះត្រចង់។

នៅក្នុងជំនួបជម្រាបលាសម្តេចតេជោ នាព្រឹកមិញនេះ លោក ពុលថាប់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនរូបលោក និងមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានដោយជោគជ័យ ហើយក្នុងនាមប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានដោយជោគជ័យ ដែលជាការឆ្លុះបង្ហាញឱ្យឃើញពីតួនាទីដ៏រឹងមាំរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។

សូមបញ្ជាក់ថា លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ បានអញ្ជើញមកបំពេញការងារជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជានេះ លោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើន រវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះ៕