លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អនុវត្តថវិកាកម្មវិធី និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសន្និធិឃ្លាំងតាមប្រព័ន្ធ SARMIS។
វគ្គបណ្ដុះបណ្ដាលនេះបានធ្វើនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១២៧នាក់ផងដែរ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះ ដល់សិក្ខាកាមដូចជា៖
* វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល
* ការអនុវត្តថវិកាកម្មវិធី ការរៀបចំផែនការនីយកម្ម និងថវិកានីយកម្ម ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការថវិកាប្រចាំឆ្នាំ * ការរៀបចំរបាយការណ៍សមិទ្ធកម្ម និងការតាមដាននិងវាយតម្លៃ
* ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Register Management Information System – SARMIS)
* ការអនុវត្តនីតិវិធីរជ្ជទេយ្យចំណូល និងរជ្ជទេយ្យបុរេប្រទាន៕