រដ្ឋមន្ត្រីការងារ៖ ប្រព័ន្ធអ៉ីនធើរណិត-WorkNet ជាជំនួយរបស់កូរ៉េ បានជួយអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា


ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលបានជួយដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៉ីនធើរណិត-WorkNet។

នៅក្នុងជំនួបពិភាក្សាការងាររវាងលោក HAN Chang-Seob អនុរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ឯកឧត្តម អ៉ិត សំហេង បង្ហាញការរីករាយនិងស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោកអនុរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នេះជាការបង្ហាញនូវការយកចិត្តទុកដាក់នូវការពង្រឹងមិត្តភាព សាមគ្គីភាពរវាងប្រទេសយើងទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ។

នាឱកាសនោះ លោក ហាន ឆាងសុប បានបញ្ជាក់ថា ការបង្កើតប្រព័ន្ធនេះដើម្បីបម្រើទៅលើសេវាស្វែងរកការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធខ្ពស់ ដូច្នេះការគ្រប់គ្រងនិងការប្រើប្រាស់ប្រព័ន្ធក៏កាន់តែមានសារសំខាន់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា នៅក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការស្វែងរកការងារធ្វើនៅក្នុងដំណាក់កាលនោះ គឺមានភាពលំបាកខ្លាំងណាស់ ដូច្នេះប្រព័ន្ធនេះពិតជាបានជួយសម្រួលដល់អ្នកស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព។ ជាការពិត បើចង់ឲ្យប្រព័ន្ធនេះដំណើរការឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ទាមទារអ្នករៀបចំ គ្រប់គ្រង និងប្រើប្រាស់ត្រូវមានសមត្ថភាពខ្ពស់ដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីកូរ៉េឲ្យជួយបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកនូវបទពិសោធន៍ល្អៗដល់មន្ត្រី NEA មានសមត្ថភាពពេញលេញ ដើម្បីប្រើប្រាស់ប្រព័ន្ធមួយនេះប្រកបដោយគុណភាពខ្ពស់។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៨ ក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងស្ដីពីការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៉ីនធើណិត-WorkNet នៅសាធារណរដ្ឋកូរ៉េ។

គម្រោងនេះមានបីដំណាក់កាលធំៗ ដំណាក់កាលទី១ (២០១៨) ការអភិវឌ្ឍផែនការយុទ្ធសាស្រ្តព័ត៌មានវិទ្យា (ISP) នៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet, ដំណាក់កាលទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៉ីនធើណិត – WorkNet និងដំណាក់កាលទី៣ (២០២១) ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ៕