អភិបាលខេត្តកំពត បើកការដ្ឋានស្ថាបនាផ្លូវបេតុង៣ខ្សែ នៅក្រុងកំពត និងស្រុកទឹកឈូ


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន៣ខ្សែ ស្ថិតនៅក្រុងកំពត និងស្រុកទឹកឈូ ដែលរៀបចំធ្វើឡើង នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ វិធីនេះក៏មានការចូលរួមពីប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោក អុឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ផ្លូវបេតុងដែលបានបើកការដ្ឋានស្ថាបនានាពេលនេះ បន្ទាប់ពីសាងសង់រួច។ ផ្លូវនេះនឹងក្លាយទៅជាផ្លូវមួយដែលមានសក្តានុពលសម្រាប់បម្រើឱ្យសេចក្តីត្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ ចំនួន៤ឃុំ ក្នុងនោះមាន ឃុំកំពង់គ្រែង ឃុំម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ក៏ដូចជាបង្កភាព ងាយស្រួល ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅលក់ដូរនៅទីផ្សារផងដែរ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងថា ដោយការសង្កេតសព្វថ្ងៃ យើងឃើញថាព្រែកកំពង់បាយ នៅតែមានសម្រាមហូរចូល ដោយការចោលសម្រាមចូលទៅក្នុងទឹកព្រែក ដែលទាំងនេះជាហេតុបង្ក ឱ្យខូចបរិស្ថាន ក៏ដូចជាទឹកព្រែកកខ្វក់ នឹងអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តលេង។

ព្រែកកំពង់បាយនេះ គឺជាព្រែកមួយ ដែលមានសក្តានុពល ដែលសំបូរទៅដោយកន្លែងផ្តល់សេវាកម្មទេសចរណ៍គួរឱ្យទាក់ទាញ ព្រមទាំងបានស្រូបទាញយកភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកសម្រាកកម្សាន្តក្នុងខេត្ត បានច្រើនផងដែរ។ ដូច្នេះប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម កន្លែងផ្តល់សេវាកម្មទេសចរណ៍នានា ដែលនៅជាប់នឹងដងព្រែកទាំងអស់ សូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ទាំងក្នុងព្រែក ទាំងតាមដងផ្លូវ ដើម្បីជាការទាក់ទាញ ភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងព្រែក ធ្វើរណ្តៅ ឬឡដុតនៅតាមផ្ទះ សម្រាប់ដុតនិងកប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយធ្វើយ៉ាងណា សូមកុំមានការបោះសម្រាម ចូលក្នុងព្រែកបន្តទៀត។

សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង នៅពេលនេះមាន៣ខ្សែ ដែល២ខ្សែស្ថិតនៅក្នុងស្រុកទឹកឈូ ក្នុងនោះផ្លូវបេតុងក្នុងឃុំកំពង់គ្រែង មានប្រវែង ៧៨៧ម៉ែត្រ និងផ្លូវបេតុងក្នុងឃុំជុំគ្រៀល មានប្រវែង ១,៥៧០ម៉ែត្រ និងមួយខ្សែទៀតស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត មានប្រវែង ២២៣ម៉ែត្រ ហើយផ្លូវទាំង ៣ខ្សែនេះ ស្ថាបនាជាផ្លូវបេតុងសសៃដែក មានកម្រាស់ ០.១៥ម៉ែត្រ ទទឹង ១១ ម៉ែត្រ៕