អតីតក្រុមអ្នកកាសែត ចូលជួបសម្ដែងការគួរសម និងជូនពរក្នុងឱកាសខួបកំណើត រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យឯកឧត្តម រស់ ថាន់សន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន រួមជាមួយ អតីតសហការីក្នុងកាសែតកម្ពុជា ចូលជួបជូនពរថ្ងៃខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ របស់រដ្ឋមន្ត្រី និងសុំអនុសាសន៍ ដើម្បីបំពេញកិច្ចការងារបន្តទៅមុខទៀត នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសមនេះ ឯកឧត្តម រស់ ថានសន អតីតក្រុមអ្នកកាសែតកម្ពុជា បានគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាអតីតនិពន្ធនាយកកាសែតកម្ពុជា តាំងពីកំឡុងឆ្នាំ១៩៧៩មកម្ល៉េះ ហើយកាលពីដំបូងឡើយ តែងបានណែនាំ ជួយពន្យល់ បង្ហាត់ បង្រៀននូវចំណេះជំនាញដល់កូនចៅនៅក្នុងកិច្ចការងារព័ត៌មាន ឲ្យមានសមត្ថភាព ដើម្បីអាចពេញភារកិច្ចការងារបានតាំងពីដើម រហូតមកដល់ពេលនេះ ដោយមានអ្នកខ្លះបានទៅបំពេញការងារនៅស្ថាប័នផ្សេងៗ ហើយអ្នកខ្លះក៏បានមកនៅក្នុងក្រសួងព័ត៌មាន បន្តជាកូនចៅរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ដដែល។

ឯកឧត្តម រស់ ថានសន បានជម្រាបជូនថា រូបឯកឧត្តមបានចូលបម្រើការងារនៅកាសែតកម្ពុជា តាំងពីឆ្នាំ១៩៨០ ដោយកាលនោះមានបុគ្គលិកបំពេញកាងារតែ២០នាក់ប៉ុណ្ណោះ តែក្រោយមកចំនួនកាន់តែច្រើនឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ១៩៩៣ ដល់១៩៩៥ មានការធ្វើសមាហរណ៍កម្ម ក៏បានប្រែមកជាក្រសួងព័ត៌មាន។ ចាប់តាំងពីដំបូងមក ឯកឧត្តម ខៀវ កាញារីទ្ធ គឺជាគ្រូដ៏ល្អដែលបានជួយបង្ហាត់បង្រៀន កូនចៅ ឲ្យមានចំណេះ ជំនាញ ខាងផ្នែកសារព័ត៌មាន តាំងពីគ្រាលំបាក រហូតមានសមត្ថភាព និងជាទន់សម្រាប់បន្តបំពេញកិច្ចការងាររហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវការរីករាយដោយបានជួបជុំសំណេះសំណាលគ្នាជាថ្មីម្តងទៀតជាមួយ អ្នកធ្លាប់បំពេញកិច្ចការងារជាមួយគ្នា នៅកាសែតកម្ពុជា តាំងពីយូរមកហើយ តែទោះបីឥឡូវបានបំពេញការងារនៅស្ថាប័នផ្សេងៗគ្នាក្តី តែបានឆ្លៀតពេលយូរៗម្តងជួបជុំ សួរសុខទុក្ខគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់យើងទាំងអស់គ្នានាពេលនេះ គឺការថែរក្សាសុខភាពឲ្យល្អ ព្រោះថាអាយុកាន់តែចូលវ័យចាស់ៗអស់ទៅហើយ ត្រូវតែមានសុខភាពរឹងមាំ ដើម្បីបន្តបំពេញការងារ និងបន្តស្រលាញ់រាប់អានគ្នា បានយូរអង្វែងទៅមុខទៀត៕