រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អនុញ្ញាតឲ្យក្រុមការងារអ្នកជំនាញការធនាគារពិភពលោក ជួបសំដែងការគួរសម ដើម្បីពិភាក្សាការងារ


ក្រុមការងារអ្នកជំនាញការធនាគារពិភពលោក ដឹកនាំដោយលោក Serdar Yilmaz អ្នកជំនាញធនាគារពិភពលោក បានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

បន្ទាប់ពីលោក Serdar Yilmaz បានបង្ហាញពីគោលបំណងនៃជំនួប ដើម្បីសិក្សាស្វែងយល់ទិដ្ឋភាពទូទៅ នៃប្រព័ន្ធព័ត៌មានគ្រប់គ្រងមន្ត្រីរាជការ (HRMIS) ដើម្បីកសាងផែនទីបង្ហាញផ្លូវ (Roadmap) ឯកឧត្តម រដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងនាមក្រសួងមុខងារសាធារណៈ ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកក្នុងរយៈពេលកន្លងមក និងបានអនុញ្ញាតជូនក្រុមអ្នកជំនាញការធនាគារពិភពលោក និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ បន្តពិភាក្សាជាមួយគ្នាលើកិច្ចការងារនេះ។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត ដល់ក្រុមការងារជំនាញការធនាគារពិភពលោក និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ត្រូវសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យកិច្ចសហប្រតិបត្តិទាំងឡាយ អាចសម្រេចបានសមិទ្ធផលជាក់ស្តែង និងឆ្លើយតបនឹងតម្រូវការចាំបាច់របស់ក្រសួង និងស្ថានភាពនៅកម្ពុជា។

ចំពោះការសហការកសាងផែនទីបង្ហាញផ្លូវខាងលើនេះ គឺមិនប៉ះពាល់ដល់ភាពជាម្ចាស់របស់ក្រសួងមុខងារសាធារណៈ លើការគ្រប់គ្រង ការកសាង និងការអភិវឌ្ឍន៍ផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ប្រព័ន្ធព័ត៌មានគ្រប់គ្រងមន្ត្រីរាជការ (HRMIS) នោះឡើយ។

ចុងបញ្ចប់នៃជំនួបនេះ ទាំងឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទាំងលោក Serdar Yilmaz ក៏ដូចក្រុមការងារធនាគារពិភពលោកប្រចាំកម្ពុជា សុទ្ធតែបានសំដែងនូវជំនឿយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕