រដ្ឋបាលខេត្តស្វាយរៀង ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាម


ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុង ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (២៤.០៦.១៩៦៤-២៤.០៦.២០២២ ) រវាងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និងខេត្តនៅក្នុងប្រទេសវៀមណាម ដែលប្រារព្ធធ្វើនៅខេត្តតៃនិញ ប្រទេសវៀតណាម។

លើកឡើងនាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ក្នុងនាមអាជ្ញាធរខេត្តស្វាយរៀង បានសម្តែងនូវការចូលរួមអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងអបអរសាទរជាមួយប្រជាពលរដ្ឋបក្ស និងរដ្ឋនៃខេត្តតៃនិញ ក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥-២០២២។

ឯកឧត្តមក៏បានប្រសិទ្ធពរបវមហា ប្រសើរគ្រប់ប្រការជូន លោក លោកស្រី ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនវៀតណាម ជាពិសេសប្រជាជនខេត្តតៃនិញ ទាំងមូលសូមឲ្យសម្រេចបាននូវលទ្ធផលដ៏ត្រចះចង់ថែមទៀត ទាំងក្នុងកិច្ចការកសាងជីវភាព គ្រួសារ និងសង្គមជាតិ សម្បូរសប្បាយជានិច្ចនិរន្តរ៍តរៀងទៅ។

ឯកឧត្តម ម៉ែន វិបុល បានបន្តថា ការសហការរៀបចំពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដោយមានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពផ្លាស់ប្ដូរវប្បធម៌ សិល្បៈ កីឡា និងការតាំង ពិព័រណ៍ផលិតផលតំបន់របស់បណ្ដាខេត្តនីមួយៗ គឺមិនត្រឹមតែបានឆ្លុះបញ្ចាំងឲ្យឃើញពីមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ក៏ដូចជាខេត្តទាំងសងខាងរួមគ្នាកសាង និងសម្រេចបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីឆន្ទៈដ៏ម៉ឺងម៉ាត់មុតស្រួច ច្បាស់លាស់ និងខ្លាំងក្លា ក្នុងការចូលរួមបន្តពូ នជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ គង់វង្សយូរអង្វែង។

ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ ប្រទេសទាំង២ បានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ។ បច្ចុប្បន្នប្រជាជនបណ្ដាខេត្តជាប់ព្រំដែន បាននិងកំពុងសប្បាយរីករាយ ដោយការពេញចិត្តចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលបានផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ និងវិបុលភាពរួមដ៏ត្រចះត្រចង់។

ឯកឧត្តម ម៉ែន វិបុល បញ្ជាក់ថា តាមរយៈមនុញ្ញផលដែលកើតចេញពីទំនាក់ទំនងការទូតដ៏ល្អពិសិដ្ឋរវាងប្រទេសកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ ជាពិសេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជាបណ្តាខេត្តជាប់ព្រំដែនពិតជារួមគ្នារក្សា បណ្ដុះ និងពូនជ្រំនូវចំណងទំនាក់ទំនងដ៏ថ្លៃថ្លា ក្នុងភាពជាអ្នក ជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែមានភាពខ្លាំងក្លា មានប្រសិទ្ធភាពជាក់ស្ដែង និងរឹតតែល្អប្រសើរទ្វេឡើងថែមទៀត ដែល ជាកាលានុវត្តភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែន ប្រកបដោយ សន្តិភាព មិត្តភាព ភាតរភាព និងចីរភាព៕