រដ្ឋមន្ត្រីទេសចរណ៍ណែនាំ៥ចំណុច ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ និងពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសភ្ជុំបិណ្ឌ


យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំ៥ចំណុច ដើម្បីរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាព ផលិតផលទេសចរណ៍ ព្រមទាំងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញាខាងមុខ។

*ទី១៖ ត្រូវបន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

*ទី២៖ ត្រូវបន្តជំរុញឱ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានារៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ត្រូវទទួលបាន ការចាក់វ៉ាក់សាំង តាមការកំណត់របស់ក្រសួងសុខាភិបាល។

*ទី៣៖ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

*៤ទី៖ ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្រ្គោះចាំបាច់នានា។

*ទី៥៖ ត្រូវរៀបចំឱ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឱ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឱ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕