សម្ដេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រី គឺធានាមិនឱ្យព្រះមហាក្សត្រខកព្រះទ័យ មិនឱ្យប្រជាជនខកចិត្ត


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធានាថាសម្ដេចមិនធ្វើឱ្យប្រជាជនខកចិត្តដែលបោះឆ្នោតជូនសម្ដេចនិងគណបក្សប្រជាជន ហើយក៏មិនធ្វើឱ្យព្រះមហាក្សត្រខកព្រះទ័យដែលចាត់តាំងសម្ដេចជានាយករដ្ឋមន្ត្រីនោះឡើយ សម្ដេចនឹងបន្តការពារសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនោះ សម្ដេចតេជោបានលើកឡើងអំពីការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ពោលគឺបន្ទាប់ពីប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យជាប់ឆ្នោតហើយនោះ ព្រះមហាក្សត្រជាអម្ចាស់ក៏បានចាត់តាំងឱ្យសម្ដេចធ្វើជានាយករដ្ឋមន្ត្រី ហើយត្រូវមានការផ្ដល់សេចក្ដីទុកចិត្តពីសភាថែមទៀត ទើបបានក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ។

សម្ដេចតេជោបានសន្យាធានាថាមិនធ្វើឱ្យប្រជាពលរដ្ឋខកចិត្តដែលបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ជ្រើសរើសឱ្យសម្ដេចធ្វើជានាយករដ្ឋមន្ត្រីនោះទេ។ នេះជាការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ការចាត់តាំងពីព្រះមហាក្សត្រជាអម្ចាស់ និងការផ្ដល់សេចក្ដីទុកចិត្តពីសភា។

សម្ដេចបានបន្តទៀតថា «ហើយខ្ញុំក៏មិនឱ្យព្រះមហាក្សត្រជាទីសក្ការរបស់យើង ដែលព្រះអង្គបានចាត់តាំងខ្ញុំជានាយករដ្ឋមន្ត្រី ហើយប្រទានគោរមងារឱ្យខ្ញុំជាតេជោ (សម្ដេចអគ្គមហាសេនាបតីតេជោ) ខកព្រះទ័យទេ ខ្ញុំត្រូវរកសន្តិភាពឱ្យប្រជាជន និងបន្តការពារសន្តិភាព ការពារប្រជាជនឱ្យបាន»

ក្នុងតំណែងជានាយករដ្ឋមន្ត្រីនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានខិតខំការពារអាយុជីវិតរបស់ប្រជាជនក្នុងអំលុងនៃការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការទប់ស្កាត់ការរីករាលដាល ការចាក់ស្រោចវ៉ាក់សាំងការពារមេរោគកូវីដ១៩ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការស្ដារសេដ្ឋកិច្ច/សង្គមឡើងវិញក្នុងដំណាក់កាលវិបត្តិនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីបេសកកម្មធំបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺការបន្តការពារសុខសន្តិភាពជូនប្រជាជននិងប្រទេសជាតិ ព្រមទាំងបន្តការអភិវឌ្ឍតទៅមុខទៀតដែរ ដើម្បីជីវភាពប្រជាជន កិត្យានុភាពជាតិ និងអនាគតភ្លឺថ្លារបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ហើយក៏សង្ឃឹមថាប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ទៀត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕