សម្តេចតេជោ ហ៊ុន សែន៖ ចំណុចខ្លាំងរបស់សម្តេច គឺមិនមានដៃគូណាអាចវាយតម្លៃត្រូវពីយុទ្ធសាស្ត្រលើការដឹកនាំ និងរបៀបរបបការងាររបស់សម្តេច


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា និងចំណុចខ្លាំងរបស់សម្តេច គឺមិនមានដៃគូ ឬអ្នកវិភាគណាមួយអាចវាយតម្លៃត្រូវពីយុទ្ធសាស្ត្រ លើការដឹកនាំ និងរបៀបរបបការងាររបស់សម្តេចនោះឡើយ ដែលធ្វើឱ្យអ្នកប្រឆាំង និងអ្នកវិភាគមួយចំនួននៅតែវាយតម្លៃខុសពីយុទ្ធសាស្ត្ររបស់សម្តេចម្តងហើយម្តងទៀត។

ការថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅអ្នកវិភាគ និងដៃគូប្រកួតប្រជែងរបស់សម្ដេចថាបើសិនជាមិនអាចវាយតម្លៃពីយុទ្ធសាស្ត្ររបស់សម្ដេចបានទេ ទោះបីជាអ្នកជំនាន់ក្រោយរបស់ដៃគូទាំងនោះក៏មិនអាចយកឈ្នះសម្ដេចបានដែរ។

ត្រង់ចំណុចនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តាំផ្ញើទៅក្រុមអ្នកវិភាគទាំងឡាយដែលមាននិន្នាការប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជានាយករដ្ឋមន្ត្រី អាចមានឱកាសស្វែងរកវិទ្យុផ្សាយសំលេង ដើម្បីនឹងនិយាយ ដើម្បីមានការងារធ្វើ ខណៈរាល់ការវិភាគរបស់ពួកគេ គឺតែងតែវិភាគខុសពីយុទ្ធសាស្ត្ររបស់សម្តេចទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ឬអាចនិយាយបានថាចំណុចខ្លាំងរបស់ ហ៊ុន សែន ដែលគេធ្វើមិនកើត គឺអ្នកឯងវាយតម្លៃ ហ៊ុន សែន អត់ត្រូវទាំងអស់ អ្នកឯងយល់ទេ នេះជាចំណុចខ្លាំងមួយ នៃចំណុចខ្លាំង ផ្តាំទៅអ្នកឯង បើអ្នកឯងវាយក្រឡា ហ៊ុន សែន អត់ត្រូវហើយ អ្នកឯងយកឈ្នះ ហ៊ុន សែន អត់បានអ្នកឯងជាតិក្រោយ បើចាំជាតិតទល់ជាមួយគ្នាទៀតនៅតែមិនឈ្នះ ដូចល្បែងអុកអញ្ចឹង កុំឱ្យគេប៉ាន់ស្មាន ថាយើងដើរសេះទៅជ្រុងណា ឬដើរទូកទៅជ្រុងណា កូនដើរទៅជ្រុងណា កុំឱ្យគេប៉ាន់ស្មានត្រូវ អស់គុណហើយដែលឯងប៉ាន់ស្មានខ្ញុំមិនត្រូវ ហើយអ្នកឯងនៅតែប៉ាន់ស្មានខ្ញុំមិនត្រូវមួយជីវិត ដៃគូរបស់ខ្ញុំទាំងអស់ អត់ដែលប៉ាន់ស្មានខ្ញុំត្រូវ រាប់ទាំងអ្នកធ្វើការជាមួយអត់ដឹងថា តេជោទៅខាងណាទេចំណុចគឺនៅកន្លែងហ្នឹង…!»

ទន្ទឹងនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ខណៈដែលអ្នកដទៃមិនអាចវាយតម្លៃពីយុទ្ធសាស្ត្ររបស់សម្ដេចបាន ប៉ុន្តែ សម្តេចក៏បានជំរុញឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែមានសមត្ថភាព ក្នុងការវិភាគសភាពការណ៍នានា និងស្វែងយល់ពីយុទ្ធសាស្ត្រថ្មីៗផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ថាបើទោបីជាសម្តេចលាឈប់ពីនាយករដ្ឋមន្ត្រី តែសម្តេចនៅតែជាប្រធានបក្ស ហើយអាចពិនិត្យសកម្មភាពការងាររបស់នាយករដ្ឋមន្ត្រី៕