ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងកម្ពុជា-ថៃ រួមទាំងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិ


នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ មុនលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងន័យនេះ សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរ នៅតែមានដំណើរការឥតអាក់ ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតជាលំដាប់តទៅអនាគត។

លោកទូតក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។

ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកទ្បើងអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ថៃ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរ, ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ និយាយជារួម និងនិយាយ ដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីការចុះហត្ថលេខាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃកងភូមិន្ទថៃ» កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ហើយក៏ត្រូវបានចាប់ផ្តើមអនុវត្តរួចមក ដោយទទួលបានលទ្ធផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធ រវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងលំហាត់រួម។

ជាចុងក្រោយ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង រវាងប្រទេស កងទ័ព និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការអរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្ររបស់ប្រទេសថៃដល់ការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ដោយរាប់ទាំងវិធានការនៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាព, ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងពីរ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា និងជាសមាជិកអាស៊ានដូចគ្នា៕