សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភសម្ភារៈ ថវិកា ស្បៀងអាហារ ផ្តល់បណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះសុពលភាព១០ឆ្នាំ ជួយសម្រួលជីវភាពរបស់ពលរដ្ឋ ស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ


ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងជួយដល់បងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះមានឧបត្ថម្ភនូវសម្ភារៈ ថវិកា ស្បៀងអាហារ និងផ្តល់ បណ្ណសមធម៌ (បណ្ណក្រីក្រ) ​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យកម្លាំងកងទ័ពនៃយោធភូមិភាគទី៤ និងកងពលធំទី២ ប្រើប្រាស់នូវមធ្យោបាយ ដើម្បីជូនដឹកជញ្ជូនបងប្អូន ដែលត្រូវរើចេញពីកន្លែងចាស់ នៃតំបន់រមណីយដ្ឋានអង្គរ មករស់នៅទីកន្លែងថ្មី ដែលអាជ្ញាធរបានផ្តល់ ជូនពួកគាត់។

សម្តេចតេជោ បានប្រកាសឧបត្ថម្ភនូវអង្ករ ៥០គីឡូក្រាម មី១កេសធំ (៦កេសតូច) ត្រីខ១កេសធំ (១០០កំប៉ុង) ថវិកាចំនួន២០ម៉ឺនរៀល និងដើម្បីរួមចំណែកកសាងលំនៅឋាន សម្តេចបានឧបត្ថម្ភបន្ថែមក្នុង១គ្រួសារ ១លានរៀល, ថវិកាសាងសង់បង្គន់អនាម័យ ក្នុង១គ្រួសារ២០ម៉ឺនរៀល និងស័ង្កសីចំនួន៣០សន្លឹកផងដែរ។

សម្តេចតេជោបញ្ជាក់ថា គោលនយោបាយផ្តល់ជូនការឧបត្ថម្ភ ដល់ប្រជាពលរដ្ឋនេះ ត្រូវអនុវត្តន៍សម្រាប់ករណីរុះរើផ្សេងៗទៀត នៅពេលខាងមុខ។

ក្នុងឱកាសនោះ សម្តេចតេជោបានថ្លែងអរគុណ ដល់អ្នកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកបុរី ឡេង ណាវាត្រា ដែលបានជួយឧបត្ថម្ភស័ង្កសីចំនួន ៦ម៉ឺនសន្លឹក និងផ្ទះគំរូចំនួន២០ខ្នង សម្រាប់ការចាប់ឆ្នោតផ្សងសំណាង។ សម្តេចថ្លែងនូវការស្វាគមន៍ សម្រាប់ក្រុមហ៊ុនផ្សេងទៀត ដែលចង់ចូលរួមឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ត្រូវរៀបចំជូនរាល់បងប្រជាពលរដ្ឋទាំងអស់ ដែលយល់ព្រមចាកចេញ ពីកន្លែងមិនស្របច្បាប់ មករស់នៅទីកន្លែងស្របច្បាប់ ត្រូវទទួលបានបណ្ណសមធម៌ (បណ្ណក្រីក្រ)  និងប័ណ្ណស្ត្រីមានផ្ទៃពោះ ដែលពួកគាត់អាចទទួល បានថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលប្រចាំខែ ពិនិត្យព្យាបាលជំងឺដោយមិនអស់ប្រាក់ ហើយសម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ ក៏ទទួលបានប្រាក់ឧបត្ថម្ភផងដែរ។ ការផ្តល់ជូនបណ្ណសមធម៌ (បណ្ណក្រីក្រ)  និងបណ្ណស្ត្រីមានផ្ទៃពោះនេះ ផ្តល់ជូនតែសម្រាប់ប្រជាពលរដ្ឋ ដែលស្ម័គ្រចាកចេញពីតំបន់អង្គរ ដោយមានរៀបចំស្ថិតិច្បាស់លាស់ មិនអាចផ្តល់ជូនអ្នកមកពីតំបន់ផ្សេងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំបញ្ជាក់អ្នកដែលរស់នៅក្នុងតំបន់នេះ ក្នុងរយៈពេល១០ឆ្នាំ ត្រូវបានទទួលនូវរបបគោលនយោបាយនេះ បើទោះបីជាជីវភាពកើនឡើងបន្តិច ក៏ប៉ុន្តែត្រូវស្ថិតនៅក្នុងលក្ខខណ្ឌនៃការទទួលបានបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ។ ខ្ញុំសុំធានារយៈពេល១០ឆ្នាំ ដាក់ចេញនូវគោលនយោបាយរយៈពេល១០ឆ្នាំ ដែលបងប្អូនទទួលបាន។ ដូច្នេះវាសម្រាលបន្ទុកដល់បងប្អូន ដែលបានចាក់ចេញពីទីនោះ ប៉ុន្តែវាជាការផ្តល់ផលចំណេញមួយ សម្រាប់ជាតិផង និងសម្រាប់ផ្ទាល់ខ្លួនបងប្អូនផង»

សម្តេចតេជោបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលបំបែកគ្រួសារ ក៏ត្រូវត្រៀមនូវនយោបាយ ដើម្បីដោះស្រាយជូនដូចគ្នាផងដែរ បានសេចក្តីថា ប្រជាពលរដ្ឋត្រូវបំបែកគ្រួសារ ក៏ត្រូវទទួលបានដីឡូតិ៍ និងការឧបត្ថម្ភផ្សេងៗ ដូចប្រជាពលរដ្ឋមុនៗ។

ក្រៅតែពីការផ្តល់ជូនដី ឧបត្ថម្ភសម្ភារៈ ថវិកា ស្បៀងអាហារ ផ្តល់បណ្ណសមធម៌ (បណ្ណក្រីក្រ) និងប័ណ្ណស្ត្រីមានផ្ទៃពោះហើយនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអង្គភាព ក្រសួងស្ថាប័ន ទទួលខុសត្រូវនានា ធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យ តបណ្តាញទឹករដ្ឋ ភ្លើងរដ្ឋ បណ្តាញទូរស័ព្ទ អ៉ីនធើណិត ដាំដើមឈើហូបផ្លែ និងអំពាវនាវដល់បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត រើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីធ្វើដើមទុនផងដែរ៕