រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការ សិក្សាដោះស្រាយការលិចលង់នៅក្នុងខណ្ឌច្បារអំពៅ


រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការ ដើម្បីសិក្សាដោះស្រាយ និងកាត់បន្ថយឱ្យបានពីការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈកម្មការមួយ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ដែលគណៈកម្មការនេះ ត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅនេះឱ្យបានម៉ត់ចត់។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា «ក្រោយការសិក្សាបញ្ចប់យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយ៍បូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់ នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនឹងធ្វើការសិក្សាទៅលើទីតាំង សំខាន់ចំនួន៤ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង»

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អង្គការ JICA បានធ្វើការសិក្សាបង្កើតជាប្លង់គោល នៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ ដូច្នេះ ក្រុមការងារក៏ដូចជាគណៈកម្មការ ត្រូវចុះសិក្សាដោយយកប្លង់មេរបស់ JICA ឆ្នាំ២០៣៥ ជាគោល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិច នៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះ ត្រូវតែធ្វើដោយឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរជំនាញចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំងដើម្បីឱ្យដឹងពីទំហំនៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។

បើតាមឯកឧត្តម សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះឱ្យចៀសផុត ំពីការលិចទឹកភ្លៀងនៅរដូវវស្សានេះ ត្រូវអនុវត្តវិធានក្នុងនោះមាន៖ វិធានការបន្ទាន់មួយដោយជីកប្រឡាយស្របផ្លូវ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ ភ្ជាប់ពីបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១,៧២៦ម៉ែត្រ។ ជីកស្តារប្រឡាយព្រែកប្រា ឱ្យបានទទឹង២០ម៉ែត្រ ប្រវែង៩៦៥ម៉ែត្រ និងដោះស្រាយសំណង់ មិនរៀបរយមួយចំនួន នៅលើព្រែកប្រានេះផងដែរ។ តែទោះបីជាយ៉ាងណាក្តីគណៈកម្មការ ត្រូវសិក្សាឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើគម្រោងទាំងនេះ៕