ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ០៧វត្ត ក្នុងទឹកដីខេត្តសៀមរាប


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង នាំយកទៀន ព្រះវស្សា និងទេយ្យវត្ថុ រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃចំនួន ០៧វត្ត ដែលរួមមាន៖ វត្តព្រះព្រហ្មរ័ត្ន វត្តព្រះរាជដំណាក់ វត្តព្រះរាជបូព៌ វត្តឥន្ទបត្តបុរីអង្គរខាងត្បូង វត្តឥន្ទបត្តបុរីអង្គរខាងជើង វត្តព្រះអង្គគោកធ្លក និងទីសក្ការបូជា ព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុទាំងនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួង សាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ និងមានការប្រារព្វពិធីតាមបែបព្រះពុទ្ធសាសនាដូចជា៖ ធ្វើកិច្ចនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារប្រគេន ដល់ព្រះសង្ឃផងដែរ។

ពិធីនេះរៀបចំឡើងដើម្បីប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់តាមតម្រូវការ ខណៈពេលដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សារយៈពេល៣ខែ ក្នុងរដូវវស្សា ដោយមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ទេសនា ដោយតាំងចិត្តនិមិត្តត្រឡប់មកវិញក្នុងរយៈពេល ៧ថ្ងៃ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនសូត្រធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ។

ទៀនព្រះវស្សា និងទេយ្យវត្ថុដែលត្រូវបាននាំយកទៅប្រគេនដល់ព្រះសង្ឃចំនួន ៧ វត្ត នាឱកាសនោះក្នុងមួយវត្តទទួលបានទៀនព្រះវស្សា ផ្កាឈូក ផ្កាម្លិះ ផ្លែឈើ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកក្រូច អង្ករ ប្រេងឆា សាដក ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង ខ្ទឹម តែ ទឹកដោះគោ និងមី ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរកត់សម្គាល់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែដឹកនាំគណៈប្រតិភូរួមមាន៖ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាំយកទេយ្យវត្ថុ រួមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់នៅតាមវត្ដអារាមនានា ដើម្បីចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិ តាម ដោយហេតុថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ចេះ ស្រឡាញ់រាប់អាន ជួយយកអាសារគ្នា សាមគ្គីភាពរឹងមាំ និងនាំឱ្យសង្គម រស់នៅ ដោយសុខដុមរម្យនាផងដែរ៕