អភិបាលខេត្តកំពង់ចាម ជំរុញឲ្យសមត្ថកិច្ចកងកម្លាំង និងអាជ្ញាធរមូលដ្ឋានរួមសហការគ្នា បង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀន


នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមត្ថកិច្ចកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន សហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ បង្រាបបទល្មើស គ្រឿងញៀនឲ្យមានប្រសិទ្ធភាពក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីសហគមន៍គ្មានគ្រឿងញៀន គឺត្រូវមានការចូលរួមពីគ្រប់ភាគី ដើម្បីរួមគ្នា ធ្វើការលុបបំបាត់គ្រឿងញៀន ដូច្នេះយើងត្រូវសំណូមពរដល់ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ឲ្យផ្តល់កិច្ចសហការជាពិសេស សូមឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវចូលរួមផ្ដល់កិច្ចសហការ ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពខ្ពស់។

តាមរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញ ឆ្នាំ២០២២ ក្នុងនោះ ការងារយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់កម្លាំងជំនាញ បានចុះបង្ក្រាប ៤៩ករណី ចាប់បានជនសង្ស័យ ១៤៥នាក់ ដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌ស ១៤៧ កញ្ចប់ ស្មើ ២៩៤,៤៤ ក្រាម ថ្នាំញៀនគ្រាប់ ពណ៌ផ្កាឈូក (WY) ចំនួន ១៥ គ្រាប់ ស្មើ ៣,៥៩ ក្រាម ទូរស័ព្ទ ១១៨ គ្រឿង ម៉ូតូ ០២គ្រឿង រថយន្ត ០២គ្រឿង ដាវ ០១ដើម កណ្ដៀវ ០១ ដែកចុងស្រួច ០១ដើម ជញ្ជីងអេឡិចត្រូនិច ០៤គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួន៕