ព្រះមហាក្សត្រ កោតសរសើរចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ


ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

ការកោតសើរបែបនេះ បានធ្វើឡើងតាមរយៈព្រះរាជសារ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នាឱកាសនេះដែរ ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ស្ថានភាពដ៏ល្អប្រសើរដែលយើងទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូសហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ»

ព្រះករុណាជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវ គោលនយោបាយគាំពារសង្គមខាន ដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកនេះ ក្នុងនោះគោលនយោបាយស្រោចចាក់សាំងរបស់រាជរដ្ឋាភិបាល បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ដោយប្រជាពលរដ្ឋទាំងមូល ទទួលបាននូវសុខភាពល្អបរិបូរណ៍ អារម្មណ៍ស្រស់ស្រាយ ចេញប្រកបជីវភាព ការងារឡើងវិញ ដោយសុវត្ថិភាពនឹងការជឿជាក់។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៦,៨៤៣នាក់៕