ពិធីប្រណាំងទូកនៅខេត្តកំពង់ចាម នឹងធ្វើឡើងនៅថ្ងៃទី១០ ខែតុលា, ថ្ងៃនេះអភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងរៀបចំពិធី


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត រួមជាមួយអាជ្ញាធរក្រុងកំពង់ចាម និងសមត្ថកិច្ចកងកម្លាំងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំង ដើម្បីសម្រួលដល់ការកំសាន្តរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាពិធីប្រណាំងទូក «ង» នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយនៅក្នុងកំពង់ចាមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដែរ៕